(វ៉ាស៊ីនតោន)៖ សារព័ត៌មានអាមេរិក Wall Street Journal នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បានសាងសង់រោងចក្រមួយកន្លែងនៅក្នុងប្រទេស ដោយមាន ជំនួយពីចិន ដើម្បីចម្រាញ់ម្សៅអ៊ុយរ៉ាញ៉ូមពណ៌លឿង ដែលជាសារធាតុមួយដ៏សំខាន់សម្រាប់បញ្ឆេះរ៉េអាក់ទ័រនុយក្លេអ៊ែរ។ Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយ ផ្អែកលើប្រភពពីក្រុមមន្ត្រីលោកខាងលិចដឹងពីរោងចក្រខាងលើ ដែលមានទីតាំងស្ថិតនៅតំបន់ភាគពាយព្យនៃប្រទេស និងកំពុងបង្កជាក្ដីកង្វល់យ៉ាងខ្លាំងដល់ក្រុមមន្ត្រីអាមេរិក។ កង្វល់ និងការព្រួយបារម្ភដ៏ធំនោះគឺពួកគេខ្លាចថាការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ អាចនឹងរុញឱ្យអារ៉ាប៊ីសាអូឌីតជ្រើសរើសយកផ្លូវផលិតអាវុធនុយក្លេអ៊ែរនៅថ្ងៃណាមួយ។

* តើចិនកំពុងជួយអារ៉ាប៊ីសាអូឌីត ផលិតគ្រាប់បែកនុយក្លេអ៊ែរឬ?

បើតាមសារព័ត៌មាន Wall Street Journal មន្ត្រីលោកខាងលិចម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថារោងចក្រខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង al-Ula ជាទីក្រុង តូចមួយស្ថិតនៅភាគពាយព្យប្រទេសអារ៉ាប៊ីសាអូឌីត រីឯមន្ត្រី២នាក់ផ្សេងទៀតថា រោងចក្រនេះត្រូវបានសាងសង់ឡើងដោយមានជំនួយពីក្រុមហ៊ុនចិនចំនួន២។ ក្រុមហ៊ុនចិនចំនួន២ គឺ China National Nuclear Corp និងក្រុមហ៊ុន China Nuclear Engineering Group Corp ត្រូវបានគេជឿជាក់ថាកំពុងធ្វើការលើគម្រោងនុយក្លេអ៊ែររបស់​អារ៉ាប៊ីសាអូឌីត។

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ Wall Street Journal ក្រសួងថាមពលអារ៉ាប៊ីសាអូឌីត បានបដិសេធយ៉ាងដាច់អាហង្ការថា មិនមានការសាងសង់រោងចក្រចម្រាញ់ម្សៅ អ៊ុយរ៉ាញ៉ូមពណ៌លឿង នៅក្នុងតំបន់ដែលក្រុមមន្ត្រីលោកខាងលិចទាំងនោះ លើកឡើងនោះទេ។ ប៉ុន្តែ ព្រមពេលជាមួយគា្ន ក្រសួងបានទទួលស្គាល់ថាពិតជាមានកិច្ចសន្យាជាមួយ ក្រុមហ៊ុនចិន ដើម្បីរុករកអ៊ុយរ៉ាញ៉ូម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតប្រាកដមែន។ ម្សៅអ៊ុយរ៉ាញ៉ូមពណ៌លឿង (Yellowcake) គឺសារធាតុគីមីម្យ៉ាងចម្រាញ់ចេញពីរ៉ែអ៊ុយរ៉ាញ៉ូម និង ត្រូវបានគេប្រើប្រាស់បញ្ឆេះរ៉េអាក់ទ័រនុយក្លេអ៊ែរ ទាំងសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរក្នុងវិស័យឯកជន ហើយក៏អាចចម្រាញ់ទៅជាសារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរផងដែរ។

តាមការពិតទៅ ការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ចំពោះទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងចិន បានកើតឡើងតាំងតែពីឆ្នាំ១៩៨០មកម្លេះ ពោលគឺជាពេលដែលទីក្រុងរីយ៉ាដ ត្រូវបានគេជឿជាក់ថាបានទិញមីស៊ីលរយៈចំងាយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរពីចិន។ ការព្រួយបារម្ភនេះកើនឡើងរឹតតែខ្លាំង និងកាន់តែច្បាស់ នៅឆ្នាំ២០១៩ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ថាចិននឹងចូលរួមសាងសង់រោងចក្រមីស៊ីលនុយក្លេអ៊ែរ នៅក្នុងតំបន់វាលរហោរស្ថានមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយរោងចក្រនេះទៀតសោត មានលក្ខណៈ ប្រហាក់ប្រហែលនឹងរោងចក្រមួយ សាងសង់ឡើងក្នុងប្រទេសប៉ាគីស្ថាន កំឡុងទសវត្សរឆ្នាំ១៩៩០។ ម្យ៉ាងវិញទៀត កំឡុងដើមទសវត្សរឆ្នាំ១៩៨០ នៅពេលការផលិតអាវុធ នុយក្លេអ៊ែរ របស់ប៉ាគីស្ថានបរាជ័យ និងជាប់គាំង ចិននេះឯងដែលជាអ្នកចេញមុខជួយតាមរយៈការផ្ដល់សារធាតុអ៊ុយរ៉ាញ៉ូមគ្រប់គ្រាន់ផលិតគ្រាប់បែកនុយក្លេអ៊ែរបានពីរគ្រាប់ ឱ្យប៉ាគីស្ថាន។

* មហិច្ឆិតានុយក្លេអ៊ែររបស់អារ៉ាប៊ីសាអូឌីត

មហិច្ឆិតានុយក្លេអ៊ែររបស់អារ៉ាប៊ីសាអូឌីត បានស្ដែងឡើងឱ្យឃើញតាំងតែពីឆ្នាំ២០០៦មកម្លេះ ជាពេលដែលទីក្រុងរីយ៉ាដ បានចាប់ផ្ដើមជ្រើសរើសថាមពលនុយក្លេអ៊ែរ សម្រាប់ កម្មវិធីរួមមួយ ជាមួយបណ្ដាប្រទេសដទៃជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ។ មហិច្ឆិតានេះ បានលេចឡើងកាន់តែច្បាស់ទៅទៀត ក្រោយព្រះអង្គម្ចាស់ រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន (Mohammed bin Salman) ប្រកាសដាក់ចេញនូវផែនការចក្ខុវិស័យឆ្នាំ២០៣០ ឬ MBS's "Vision 2030 ដែលជាផែនការមួយជំរុញឱ្យ អារ៉ាប៊ីសាអូឌីត ងាកមមរកថាមពលនុយក្លេអ៊ែរ ដើម្បីធ្វើពិពិតកម្មសេដ្ឋកិច្ច ឱ្យរួចផុតពីការពឹងផ្អែកតែលើវិស័យប្រេង។

អារ៉ាប៊ីសាអូឌីត បានអះអាងជារឿយៗថាថាមពលនុយក្លេអ៊ែរ ឬរោងចក្រនុយក្លេអ៊ែររបស់ខ្លួន បម្រើតែក្នុងវិស័យឯកជនតែប៉ុណ្ណោះ។ ប៉ុន្តែមិនដែលសន្យាជាផ្លូវការណាមួយថានឹងមិន ផលិតអាវុធនុយក្លេអ៊ែរនោះដែរ។ ជាក់ស្ដែង នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS កាលពីឆ្នាំ២០១៨ ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន បានបញ្ជាក់ត្រង់ៗ ដូច្នេះថា៖ «អារ៉ាប៊ីសាអូឌីត មិនត្រូវការអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ វាគ្មានរឿងអ្វីត្រូវសង្ស័យឡើយ បើអ៉ីរ៉ង់អភិវឌ្ឍ ឬមានអាវុធនុយក្លេអ៊ែរ នោះយើងក៏នឹងធ្វើបែបនេះដូចគ្នាឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»

បន្ទូលបែបនេះរបស់ព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន បង្កការព្រួយបារម្ភជាខ្លាំងដល់ក្រុមមន្ត្រីអាមេរិក ដោយពួកគេយល់ថាអារ៉ាប៊ីសាអូឌីត បាននិងកំពុងចិញ្ចឹមចិត្តផលិតអាវុធនុយក្លេអ៊ែរ ដោយរង់ចាំតែឱកាសល្អមកដល់តែប៉ុណ្ណោះ។ ការព្រួយបារម្ភបែបនេះបានផ្ទុះឡើងជាថ្មី ក្រោយសារព័ត៌មាន Wall Street Journal បានចុះផ្សាយថាអារ៉ាប៊ីសាអូឌីតបានសាងសង់ រោងចក្រមួយកន្លែងនៅក្នុងប្រទេសដោយមានជំនួយពីចិន ដើម្បីចម្រាញ់ម្សៅអ៊ុយរ៉ាញ៉ូមពណ៌លឿង។ ជុំវិញការចុះផ្សាយនេះដែរ សមាជិកព្រឹទ្ធសភាអាមេរិកលោក Chris Murphy បានលើកឡើងដោយឥតលាក់លៀមថា អារ៉ាប៊ីសាអូឌីត កំពុងព្យាយាមចង់បានទាំងអាវុធនុយក្លេអ៊ែរ និងថាមពលនុយក្លេអ៊ែរបម្រើក្នុងវិស័យឯកជន ដែលតម្រូវឱ្យសហរដ្ឋអាមេរិក ចេញមុខរារាំងមហិច្ឆិតា។

* តើអាមេរិក នឹងអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីត មានអាវុធនុយក្លេអ៊ែរដែរឬទេ?

បើតាមសារព័ត៌មាន New York Times ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក កំពុងធ្វើការស៊ើបអង្កេតហើយ លើកិច្ចខិតខំប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ក្នុងការផលិតថាមពល នុយក្លេអ៊ែរ ថាតើវាអាចនឹងរុញឱ្យទីក្រុងរីយ៉ាដ បោះជំហ៊ានទៅរកការអភិវឌ្ឍ ឬផលិតអាវុធនុយក្លេអ៊ែរដែរឬទេ? មកទល់នឹងពេលនេះ នៅក្នុងតំបន់មជ្ឈិមបូព៌ា មានតែអ៉ីស្រាអែល តែមួយគត់ដែលគេជឿជាក់ថាមានអាវុធនុយក្លេអ៊ែរ និងជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងតំបន់។ វិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថាអ៉ីស្រាអែលមាន ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់៩០គ្រាប់ឯណោះ ប៉ុន្តែអ៉ីស្រាអែលខ្លួនឯងមិនដែលទទួលស្គាល់ ហើយក៏មិនបានបដិសេធថាមិនមានអាវុធនុយក្លេអ៊ែរនោះដែរ។

អារ៉ាប៊ីសាអូឌីត ចង់ផលិត ឬកាន់កាប់អាវុធនុយក្លេអ៊ែរ មិនមែនជារឿងងាយស្រួលឡើយ ឬអាចនិយាយថាវាអាចជាសុបិន្តដ៏វែងអន្លាយ។ ដ្បិត ថ្វីបើជាសម័ន្ធមិត្តនឹងគ្នាពិតមែន តែ សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យអារ៉ាប៊ីសាអូឌីត ឬប្រទេសណាមួយក្នុងតំបន់ ក្រៅពីអ៉ីស្រាអែល មានអាវុធនុយក្លេអ៊ែរជាដាច់ខាត ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ឫទ្ធានុភាពនៃ ភាពជាមហាអំណាចរបស់អាមេរិក។ និយាយឱ្យងាយស្ដាប់ បើសិនជាប្រទេសផ្សេងៗចេះតែនាំគ្នាផលិត ឬមានអាវុធនុយក្លេអ៊ែរ នោះមហាអំណាចថ្មីនឹងកើតឡើងជាបន្តបន្ទាប់ ហើយឥទ្ធិពលរបស់អាមេរិក ក៏កាន់តែចុះខ្សោយតាមនោះដែរ។

ម្លោះហើយ អ្នកជំនាញខ្លះដូចជាលោក Rolf Mowatt-Larssen ជាអតីតមន្ត្រី CIA ម្នាក់យល់ថា បើសិនជាអារ៉ាប៊ីសាអូឌីត ចង់ផលិតអាវុធនុយក្លេអ៊ែរមែន នោះមានតែសហការជាមួយ ចិន ឬរុស្ស៊ីតែប៉ុណ្ណោះ ដែលជាប្រទេសមិនមានលក្ខខណ្ឌច្រើនដូចសហរដ្ឋអាមេរិក។ លោក Mowatt-Larssen បន្ថែមទៀតថា ការជ្រើសរើសចិនរំលងសហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែរ អាចជាឧទាហរណ៍មួយស្រាប់ បង្ហាញថាអារ៉ាប៊ីសាអូឌីត កំពុងព្យាយាមដោះដៃបន្តិចម្ដងៗពីសហរដ្ឋអាមេរិក ដោយសារតែអារ៉ាប៊ីសាអូឌីតប្រហែលជាភ្ញាក់ដឹងខ្លួនថា មិនអាចបន្តពឹងផ្អែកទាំងស្រុងតែទៅលើសហរដ្ឋអាមេរិក ដើម្បីទប់ទល់ជាមួយអ៉ីរ៉ង់នោះទេ។ ហេតុផលបែបនេះ បានស្ដែងឡើង ក្រោយអតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់កាលពីឆ្នាំ២០១៥ ដែលអារ៉ាប៊ីសាអូឌីត​ចាត់ទុកថាជាកិច្ចព្រមព្រៀងគ្មានបានការ និងជាការង្ហាញពីគោលជំហរទន់ជ្រាយ ប្រឈមមុខនឹងអ៉ីរ៉ង់៕

ប្រភព៖ The Hill, New York Times (ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០)