(ឡូសអាន់ជែលែស)៖ មន្ត្រីពន្ធនាគារក្នុងតំបន់បានឲ្យដឹងថា អ្នកទោសជាង ៥០០នាក់ ដែលស្ទើរតែពាក់កណ្តាលនៃចំនួនអ្នកទោសសរុប នៅឯពន្ធនាគារមួយនៅក្នុងរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

នាយកដ្ឋានកែប្រែប្រចាំរដ្ឋអារីហ្សូណា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទោសចំនួន ៥១៧នាក់ នៅពន្ធនាគារ ASPC ធឹកសុន វែតស្តូន (ASPC-Tucson Whetstone) បានឆ្លងវីរុសកូរ៉ូណា (COVID-19) ហើយពេលនេះពួកគេត្រូវបានអាជ្ញាធរ ដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 ជិត ៥លានករណី ក្នុងនោះជាង ១៦១,៦០០នាក់បានស្លាប់ និង ២,៥៤៩,៨៨០នាក់បានជាសះស្បើយឡើងវិញ៕