(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះថា សិស្សជាង ១១០នាក់ត្រូវបានបញ្ជូនទៅផ្ទះ ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីសិស្ស ០៦នាក់ និងបុគ្គលិកសាលារៀនម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នៅក្នុងសង្កាត់មួយនៃរដ្ឋមីស៊ីស៊ីពី (Mississippi) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

លោក ថាយឡ័រ ឃូមស៍ (Taylor Coombs) អ្នកនាំពាក្យប្រចាំសាលារៀនមួយ នៅក្នុងសង្កាត់ ខូរីន (Corinth) បានប្រាប់ទូរទស្សន៍ CNN ថា សិស្សចំនួន ១១៦នាក់ខាងលើនេះ ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយសិស្សដែលបានធ្វើតេស្តវិជ្ជមាន ដូច្នេះហើយទើបពួកគេត្រូវធ្វើចត្តាឡីស័ក។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម Facebook នៅថ្ងៃពុធសប្តាហ៍នេះ ខាងសាលាក៏បានស្នើសុំឲ្យអ្នកធ្លាប់មានទំនាក់ទំនង ជាមួយបុគ្គលដែលបានធ្វើតេស្តវិជ្ជមាន ឲ្យធ្វើចាត្តាឡីស័ករយៈពេល ១៤ថ្ងៃផងដែរ។

ជុំវិញបញ្ហានេះ អាជ្ញាធរបានធ្វើការណែនាំឲ្យបុគ្គលិក ឪពុកម្តាយ និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវពាក់ម៉ាសនៅក្នុងបរិវេនសាលារៀន។ ទន្ទឹងនឹងនេះដែរ អភិបាលរដ្ឋមីស៊ីស៊ីពី លោក ថេត រីវស៍ (Tate Reeves) បានចេញវិធានការថ្មី ដែលតម្រូវឲ្យប្រជាជនពាក់ម៉ាសនៅតាមទីសាធារណៈ ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ រដ្ឋមីស៊ីស៊ីពី (Mississippi) មានករណីឆ្លង COVID-19 សរុបជាង ៦៣,៤០០ករណី ក្នុងនោះស្លាប់ជាង ១,៨០០នាក់៕