(ឌូបៃ)៖ ប៉ូលិសអេមីរ៉ាតអារ៉ាប់រួម បានឱ្យដឹងថាមិនមានមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ បន្ទាប់ពីមានអគ្គិភ័យដ៏សម្បើមមួយ ឆាបឆេះនៅក្នុងផ្សារមួយកន្លែង នៅរដ្ឋ Ajman ខណៈអគ្គិភ័យនេះកំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

អគ្គិភ័យខាងលើបានកើតឡើងកាលពីល្ងាចថ្ងៃពុធម្សិលមិញ ហើយបើតាមប៉ូលិសអេមីរ៉ាតអារ៉ាប់រួម ផ្នែកខ្លះនៃផ្សារខាងលើក្នុងរដ្ឋ Ajman ដែលបានបិទដំណើរការអស់រយៈពេល៤ខែ មកហើយ ដោយសារតែ COVID-19 អាចនឹងដួលរំលំ និងត្រូវបានភ្លើងឆេះទាំងស្រុង។ ប៉ុន្តែ មកទល់នឹងពេលនេះ មូលហេតុនៃអគ្គិភ័យនេះមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕