(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ករណីផ្ទុះដ៏កក្រើកនៅរដ្ឋធានីបេរូត នៃប្រទេសលីបង់ ទំនងជាឧបទ្ទវហេតុប៉ុណ្ណោះ ដោយពីដំបូងឡើយប្រធានាធិបតីរូបនេះ បានបង្ហាញការសង្ស័យយ៉ាងខ្លាំងថា វាអាចជាគម្រោងការបំផ្ទុះគ្រាប់បែកមួយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០។

ទោះជាយ៉ាងណា លោក ត្រាំ នៅតែអះអាងថា យើងមិនទាន់ច្បាស់លាស់នៅឡើយទេ ចំពោះអ្វីដែលបានកើតមានឡើង ខណៈរដ្ឋាភិបាលលីបង់វិញបានបង្ហាញ ភាពច្បាស់លាស់របស់ខ្លួនដដែលថា សោកនាដកម្មកាលពីល្ងាចថ្ងៃអង្គារ (ម៉ោងនៅបេរូត) គឺត្រូវបានបង្កឡើងដោយការផ្ទុះ ឃ្លាំងស្តុកសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែលជាសារធាតុគីមីងាយបង្កការឆាបឆេះ និងផ្ទុះជាទីបំផុត។ លោក ដូណាល់ ត្រាំ ក៏បានសន្យាជួយលីបង់ផងដែរ នៅក្នុងករណីដែលប្រទេសមជ្ឈិមបូព៌ាមួយនេះ ត្រូវការជំនួយពីអាមេរិកនោះ។

គួរបញ្ជាក់ថា ភ្លាមៗបន្ទាប់ករណីផ្ទុះនៅលីបង់បានកើតឡើង ប្រធានាធីបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញមុខអះអាងថា វាទំនងជាការបំផ្ទុះគ្រាប់បែកអ្វីមួយ ហើយការលើកឡើងនេះ គឺលោក ត្រាំ បានទទួលព័ត៌មានពី មន្ត្រីយោធាជាន់ខ្ពស់អាមេរិកមួយចំនួន បើទោះបីជាភ្លាមៗនោះដែរ ខាងរដ្ឋាភិបាលលីបង់បានអះអាងថា ជាករណីផ្ទុះសារធាតុគីមី អាម៉ូញ៉ូមនីត្រាត ដែលបានរក្សាទុកនៅទីនោះ ០៦ឆ្នាំមកហើយក៏ដោយ៕