(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានស្នើសុំឱ្យក្រុមបាតុករជានិស្សិត ដែលកំពុងដឹកនាំបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ លោក កុំបង្កចលាចលឱ្យសោះ ខណៈលោកផ្ទាល់សន្យាថាសភាជាតិនឹងពិចារណាលើសំណើទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក បា្រយុទ្ធ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាកុំបង្កចលាចលឱ្យសោះ កំឡុង ពេលនេះ ហើយយើងនឹងដោះស្រាយបញ្ហាជាមួយគ្នា»។ លោក ប្រាយុទ្ធ បន្ថែមថាលោកពិតជាមានការព្រួយបារម្ភពីក្រុមយុវជន ដែលនាំគ្នាប្រមូលផ្ដុំជាក្រុមតូចៗ ដើម្បីធ្វើការតវ៉ាទាមទារឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, រំលាយសភាជាតិ និងរៀបចំការបោះឆ្នោតជាថ្មី។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីថៃរូបនេះ មិនបាន បញ្ជាក់ថាតើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅត្រង់ចំណុចណាមួយ ដែលនឹងត្រូវសភាលើកយកមកពិភាក្សា ឬពិចារណានោះទេ។

គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញ ក្រុមបាតុករនិស្សិត ក៏បានចេញសេចក្ដីថ្លែងការណ៍មួយផងដែរ ដោយអំពាវនាវឱ្យមានការកែប្រែច្បាប់ ពាក់ព័ន្ធនឹងវិសាលភាព នៃអំណាចព្រះមហាក្សត្រថៃ។ ប៉ុន្តែ ខាងបរមរាជវាំងថៃ មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ខណៈរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នចែងថាការប្រមាថលើព្រះមហាក្សត្រ ឬសែរាជ វង្ស អាចនឹងប្រឈមមុខជាប់ពន្ធនាគារ១៥ឆ្នាំ៕