(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីនបានកត់ត្រាអ្នកឆ្លង COVID-19 រហូតដល់ទៅ ៦,៣៥២នាក់ថ្មីទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង ១០។

២៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លៀងធ្លាក់ជោគជាំអស់រយៈពេល ជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំសម្បើម ដោយបង្ខំឱ្យមនុស្ស ១,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ខណៈមនុស្សយ៉ាងហោច ១៣នាក់បានស្លាប់ និង ១៣នាក់ទៀតបាត់ខ្លួន។

៣៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) និងជាប្រធាននៃគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០នេះថា លោកស្រីនឹងឈរឈ្មោះសម្រាប់អាណត្តិទី ២ បន្ថែមទៀត នៅក្នុងការបោះឆ្នោតសកល នៅក្នុងខែវិច្ឆិកាខាងមុខ។

៤៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែកំពុងបន្តអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរនោះឡើយ ហើយអ្វីដែលកាន់តែគួរឲ្យ ចាប់អារម្មណ៍បន្ថែមទៀតនោះ គឺប្រទេសដ៏ឯកោមួយនេះ ទំនងជាបានអភិវឌ្ឍឧបករណ៍ពិសេសមួយចំនួន សម្រាប់បំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ។

៥៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) របស់អូស្ត្រាលី នៅថ្ងៃអង្គារ ទី០៤ ឆ្នាំ២០២០ នេះបានប្រកាសថា យោធានឹងត្រូវដាក់ពង្រាយ ដើម្បីពង្រឹងបទបញ្ជាឲ្យធ្វើចត្តាឡីស័ក ហើយជនណាដែលបំពានលើច្បាប់នេះ នឹងត្រូវប្រឈមការពិន័យធ្ងន់ធ្ងរ។

៦៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសវៀតណាមកើនដល់ ៨នាក់ ខណៈអ្នកឆ្លងកើនដល់ ៦៥២នាក់៕