(វៀតណាម)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានប្រកាសឲ្យដឹងថា អ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសវៀតណាមកើនដល់ ៨នាក់ ខណៈអ្នកឆ្លងកើនដល់ ៦៥២នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

អ្នកស្លាប់ថ្មីចំនួន២នាក់បន្ថែម ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ ក្នុងនោះបុរសអាយុ៦៥ឆ្នាំ និងស្រ្តីអាយុ៦២ឆ្នាំដែលមានបញ្ហាជំងឺខ្សោយតំរងនោម និងបញ្ហាសុខភាពផ្សេងទៀត។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកជម្ងឺមួយចំនួនទៀត មានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារ មានបញ្ហាសុខភាព និងអាយុចាស់»

គិតត្រឹមថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៦៥២ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៨នាក់ និងជាសះស្បើយចំនួន ៣៧៤នាក់ ខណៈដែលពិភពលោកទាំងមូលមានអ្នកឆ្លងកើនដល់ជាង ១៨.៤លាននាក់ ស្លាប់ជិត៧០ម៉ឺននាក់ និងជាសះស្បើយជាង១១.៦លាននាក់៕