(ស៊ីដនី)៖ អាជ្ញាធររដ្ឋវិចតូរៀ (Victoria) របស់អូស្ត្រាលី នៅថ្ងៃអង្គារ ទី០៤ ឆ្នាំ២០២០ នេះបានប្រកាសថា យោធានឹងត្រូវដាក់ពង្រាយ ដើម្បីពង្រឹងបទបញ្ជាឲ្យធ្វើចត្តាឡីស័ក ហើយជនណាដែលបំពានលើច្បាប់នេះ នឹងត្រូវប្រឈមការពិន័យធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយ​ដោយសាររព័ត៌មាន CNA។

អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ថា យោធាចំនួន ៥០០នាក់ នឹងត្រូវដាក់ពង្រាយទៅទូទាំងរដ្ឋ ដើម្បីពង្រឹងការអនុវត្តបទបញ្ជា ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកនៅផ្ទះ ហើយជនណាដែលរំលោភបំពានលើបញ្ជានេះ នឹងពិន័យជាប្រាក់ប្រមាណ ៥,០០០ដុល្លារអូស្ត្រាលី ឬ ៣,៥៥៩ដុល្លារអាមេរិក ពីបទបំពានបទបញ្ជាឲ្យនៅផ្ទះ ដោយលើកលែងចំពោះតម្រូវការ ផ្នែកវេជ្ជសាស្រ្តបន្ទាន់ប៉ុណ្ណោះ។

អភិបាលរដ្ឋ Victoria លោក ដានីញ៉ែល អេនឌ្រូ (Daniel Andrews) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមែលប៊នថា «គ្មានហេតុផលអ្វី ដែលអ្នកត្រូវចាកចេញពីផ្ទះរបស់អ្នកនោះទេ ហើយប្រសិនបើអ្នកត្រូវបានរកឃើញថា បំពានលើបទបញ្ជានេះ អ្នកត្រូវមានហេតុផលស្របច្បាប់ណាមួយ»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារនេះករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសអូស្ត្រាលីមានចំនួនជិត ១៩,០០០ករណី ក្នុងនោះ ២៣២នាក់បានស្លាប់ និង ១០,៦១៨នាក់បានជាសះស្បើយឡើងវិញ៕