(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញមុខបញ្ជាក់ជាថ្មីថាបើសិនជាក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃមិនអាច ទិញបានបណ្ដាញទំនាក់ទំនងសង្គម TikTok ពីក្រុមហ៊ុន ByteDance របស់ចិននៅត្រឹមថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះទេ នោះបណ្ដាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព មួយនេះ នឹងត្រូវបិទមិនឱ្យធ្វើប្រតិបត្តិការតទៅទៀត នៅក្នុងសហរដ្ឋអាមេរិក។

ប៉ុន្តែ ការបិទបណ្ដាញទំនាក់ទំនងសង្គមមួយដូចជា TikTok ដែលមានប្រជាជនអាមេរិកជាង១០០លាននាក់ កំពុងប្រើប្រាស់ មិនមែនជារឿងងាយស្រួលនោះទេ បើទោះជា អ្នកជាប្រធានាធិបតីក៏ដោយ។ ជាក់ស្ដែង បើតាមសារព័ត៌មាន New York Times បន្ទាប់ពីទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ បានបញ្ចុះបញ្ចូលរូបលោកថាការចេញបទបញ្ជាបិទ TikTok អាចនឹងបង្កបញ្ហាមួយចំនួន ដូចជាការប្រឈមមុខនឹងបណ្ដឹងតាមផ្លូវច្បាប់ ព្រមទាំងផលវិបាកនយោបាយនានា លោក ត្រាំ បានយល់ព្រមទុកពេលឱ្យក្រុមហ៊ុន Microsoft បន្តកិច្ចចរចាទិញ TikTok ពីក្រុមហ៊ុន ByteDance ជាជាងចេញបទបញ្ជាបិទបណ្ដាញទំនាក់ទំនងសង្គមមួយនេះភ្លាមៗ។

*អ្វីទៅជាបញ្ហាធំរបស់ TikTok សម្រាប់សហរដ្ឋអាមេរិក?

បញ្ហាធំៗរបស់ TikTok គឺមានតែ២គត់។ ទីមួយ TikTok មិនមែនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក តែគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance និងទី២ បើគិតលើភូមិសាស្ត្រ នយោបាយ និងភាពជាមហាអំណាចលេខមួយផុតលេខ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មិនអាចបណ្ដោយឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន វ៉ាដាច់ ឬក៏ក្លាយជាគូប្រជែង ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដែលធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចអាមេរិកជាដាច់ខាត។

លោក ដូណាល់ ត្រាំ និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក បានចោទប្រកាន់ជារឿយៗថាបណ្ដាញទំនាក់ទំនងសង្គម TikTok បង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក ដោយសារតែមានទំនាក់ទំនងជិតស្និទជាមួយចិន ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងអស់ ត្រូវប្រគល់ទិន្នន័យ ឬព័ត៌មានចាំបាច់នានា បើសិនមានការស្នើសុំ។ ប៉ុន្តែ TikTok បានបដិសេធការចោទប្រកាន់នេះ ហើយថាខ្លួនគឺជាក្រុមហ៊ុនឯករាជ្យមួយមិនស្ថិតនៅក្រោមចំណុះរដ្ឋាភិបាលចិនដូចការចោទប្រកាន់នោះទេ។

សហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភដូចគ្នានេះ ព្រមទាំងចាត់វិធានការរឹតត្បិតមួយចំនួនលើក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ផងដែរ ហើយមិនតែប៉ុណ្ណោះ បើតាម រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ មិនថាតែ TikTok ឬ Huawei និងក្រុមហ៊ុន ZTE នោះទេ ពោលគឺឱ្យតែជាក្រុមហ៊ុនចិន សុទ្ធតែជាការគំរាមកំហែងដល់ សន្តិសុខជាតិអាមេរិក ដែលតម្រូវឱ្យមានវិធានការឆ្លើយតបជាបន្ទាន់ ខណៈបណ្ដាញទំនាក់ទំនងសង្គម WeChat របស់ក្រុមហ៊ុនចិន Tencent អាចនឹងក្លាយជាគោលដៅបន្ទាប់ របស់រដ្ឋបាលលោក ដូណាល់ ត្រាំ។

*តើលោក ដូណាល់ ត្រាំ នឹងបិទ TikTok ដែរឬទេ?

លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថា លោកនឹងរង់ចាំរហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខនេះ មុននឹងចាត់វិធានការសកម្មភាពលើ TikTok បើសិនជា ក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកដទៃ មិនអាចសម្រេចបានកិច្ចព្រមព្រៀងទិញបណ្ដាញទំនាក់ទំនងសង្គមមួយនេះទេនោះ។ ក្រោយការប្រកាសបែបនេះរបស់លោក ត្រាំ ក្រុមហ៊ុន TikTok បានចេញសេចក្ដីថ្លែងការណ៍មួយជាមួយការប្ដេជ្ញាចិត្តថានឹងបន្តផ្ដល់ភាពរីករាយដល់ប្រជាជនអាមេរិក ហើយនឹងបន្តធ្វើប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលយូរអង្វែង ទៅមុខទៀត។

ជាការពិតណាស់ ក្រោយលោក ដូណាល់ ត្រាំ កែប្រែចិត្តវិញភ្លាមៗ ក្រុមអ្នកជំនាញមួយចំនួនមើលឃើញថាប្រធានាធិបតីអាមេរិករូបនេះ អាចនឹងប្រើប្រាស់ជម្រើសបង្ខំឱ្យ TikTok ក្លាយជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ជាជាងបិទចោល ដ្បិតវាមានតែធ្វើឱ្យអ្នកគាំទ្រ TikTok នៅក្នុងសហរដ្ឋអាមេរិក ជាពិសេសគឺក្រុមយុវជន មិនសប្បាយចិត្ត ហើយ ខឹងសម្បារនឹងរដ្ឋបាលរបស់លោកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើសិនជាអាចសម្រេចបានកិច្ចព្រមព្រៀងមែន នោះវានឹងក្លាយជាប្រយោជន៍នយោបាយមួយសម្រាប់ លោក ត្រាំ ទាញយកការគាំទ្រឡើងវិញ និងប្រាប់អ្នកគាំទ្ររបស់លោកដូច្នេះថា៖ «មើលចុះ! ខ្ញុំបានឈរប្រឆាំងនឹងចិន និងបានគំរាមពួកគេ ហើយឥលូវ នេះគឺជាក្រុមហ៊ុនអាមេរិក (TikTok) សម្រាប់ប្រជាជនអាមេរិកប្រើប្រាស់»

បន្ថែមពីលើនេះ ក្រៅតែពីប្រយោជន៍នយោបាយ ការទិញយក TikTok បានសម្រេច ក៏នឹងជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាអាចជួយបំពេញចំណូលមួយផ្នែកតូច ដល់រដ្ឋាភិបាលអាមេរិក ដោយលោក ត្រាំផ្ទាល់ បានបញ្ជាក់ថាក្រសួងរតនាគារជាតិអាមេរិក គួរតែប្រមូលយកចំណែកខ្លះពីកិច្ចព្រមព្រៀងទិញយក TikTok ដ្បិតលោកប្រកាសទុកជាមុនថា បើគ្មានរដ្ឋាភិបាលរបស់ទេ ក៏គ្មានកិច្ចព្រមព្រៀងដែរ។

*ហេតុអ្វីបានជា Microsoft ចង់ទិញ TikTok?

ក្នុងនាមជាបណ្ដាញទំនាក់ទំនងសង្គមមួយមានសក្ដានុពលខាងផ្សព្វផ្សាយពាណិជ្ជកម្ម TikTok អាចនឹងជួយបង្កើនភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft នៅក្នុងទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញទីផ្សារលក់លើអនឡាញ បានព្យាករណ៍ថា Microsoft គ្រប់គ្រងទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មតាម អនឡាញ តែ១.៥ភាគរយប៉ុណ្ណោះ ខណៈ Facebook កាន់កាប់៤២ភាគរយ និង Google ១០.៤ភាគរយ។ បច្ចុប្បន្ន ពាណិជ្ជកម្មរបស់ TikTok នៅក្នុងសហរដ្ឋអាមេរិកមានតម្លៃ ៤០ពាន់លានដុល្លារ។

*តើ Microsoft មានឱកាសប៉ុន្មានភាគរយ ដើម្បីទិញយក TikTok?

ក្រុមហ៊ុន ByteDance ត្រូវបានគេរាយការណ៍ថា បានយល់ព្រមលក់ប្រតិបត្តិការរបស់ TikTok ក្នុងសហរដ្ឋអាមេរិក ដើម្បីបញ្ជៀសការបិទមិនឱ្យធ្វើប្រតិបត្តិការទាំងស្រុង នៅក្នុង សហរដ្ឋអាមេរិក។ ប៉ុន្តែការយល់ព្រមនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។ បើតាមលោក Daniel Ives ជាអ្នកវិភាគម្នាក់មកពីក្រុមហ៊ុនហិរញ្ញវត្ថុ និងវិនិយោគ Wedbush Securities ក្រុមហ៊ុន Microsoft មានឱកាសពី៧៥ ទៅ៨០ភាគរយ ដើម្បីទិញយក TikTok។ លោក Ives បន្ថែមទៀតថា ByteDance ដែលមានទ្រព្យសរុបតម្លៃ ១០០ពាន់លានដុល្លារ ក្នុងនោះពាក់កណ្ដាលបានដោយសារ TikTok នៅពេលនេះ ចាំបាច់ត្រូវការកិច្ចព្រមព្រៀងមួយ បើសិនជាចង់បន្តធ្វើប្រតិបត្តិការ នៅក្នុងសហរដ្ឋអាមេរិក តទៅទៀត ឬក៏ប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ ព្រោះគ្រាន់តែ TikTok ត្រូវបានត្រឹមប៉ុន្មាននាទី អាចនឹងធ្វើឱ្យតម្លៃក្រុមហ៊ុនមួយនេះធ្លាក់ចុះ៥០ ភាគរយ៕

ប្រភព៖ New York Times, USATODAY និង VOX