(សិង្ហបុរី)៖ រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរីលោក វីវាន បាឡាគ្រីនណេន (Vivian Balakrishnan) និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉ែអូ (Mike Pompeo) បានព្រមព្រៀងគ្នាក្នុងការធានាឲ្យមាន ការចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងការបរទេសសិង្ហបុរី (MFA) បាននិយាយថា លោកបណ្ឌិត Balakrishnan បានទទួលទូរស័ព្ទពីលោក Pompeo ហើយរដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍ ផលិត និងចែកចាយវ៉ាក់សាំង COVID-19 នៅទូទាំងពិភពលោក នៅក្នុងករណីដែលវ៉ាក់សាំង ត្រូវផលិតបានសម្រេច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ MFA បានឲ្យដឹងទៀតថា ភាគីទាំងពីរបានស្វាគមន៍ លើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ក៏ដូចជាការសម្របសម្រួលពន្ធគយ ដើម្បីបង្កើនសង្វាក់ពាណិជ្ជកម្មទ្វេភាគី ព្រមទាំងពង្រឹងចំណងសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មី ពីចំណងមិត្តភាពដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ។ សិង្ហបុរីក្នុងនាមជាប្រទេសរងគ្រោះធ្ងន់គួរសម ដោយសារតែជំងឺឆ្លង COVID-19 នៅអាស៊ីគ្នេយ៍ ក៏កំពុងធ្វើការអភិវឌ្ឍវ៉ាក់សាំងផងដែរ ខណៈសហរដ្ឋអាមេរិកវិញ ត្រូវបានគេមើលឃើញថា ជាប្រទេសលេចធ្លោបំផុតមួយ នៅក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 នាពេលនេះ៕