(បាម៉ាកូ)៖ យន្តហោះខ្នាតមធ្យមមួយគ្រឿង ជារបស់បេសកកម្មអង្គការសហប្រជាជាតិ (UN) ប្រចាំនៅប្រទេសម៉ាលី បានជួបគ្រោះថ្នាក់នៅអំឡុងការចុះចត នៅទីក្រុងហ្គៅ (Gao) ភាគខាងជើងប្រទេសម៉ាលី និងបានបង្កឲ្យមនុស្ស ១១នាក់រងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

យន្តហោះនៃបេសកកម្មម៉ៃណឹសម៉ា (MINUSMA) ខាងលើនេះ បានធ្វើដំណើរមកពីទីក្រុងបាម៉ាកូ (Bamako) ដោយដឹកមនុស្សសរុប ១១នាក់ ក្នុងនោះអ្នកដំណើរ ០៤នាក់ និង ០៧នាក់ទៀតជាបុគ្គលិក UN ព្រមទាំងអ្នកបញ្ជាការលើយន្តហោះ។ ក្រោយគ្រោះថ្នាក់កើតឡើង នៅអំឡុងការចុះចត តួយន្តហោះទាំងមូលបានរងការខូចខាតយ៉ាងដំណំ ខណៈមនុស្សទាំង ១១នាក់សុទ្ធតែបានរងរបួស ក្នុងនោះម្នាក់មានសភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់តាមអ្នកឃើញហេតុការណ៍ផ្ទាល់ បានរាយការណ៍ឲ្យដឹងថា យន្តហោះប្រភេទ Antonov An-72 ជាកម្មសិទ្ធិរបស់បេសកកម្ម MINUSMA របស់ UN ទំនងជាបានជ្រុលចង្កូតនៅអំឡុងការចុះចត នៅពេលអាកាសធាតុមិនអំណយផល និងផ្លូវចុះចតក៏ខុសបទដ្ឋានស្តង់ដារទៀត ទើបបានជាហេតុការណ៍ គ្រោះថ្នាក់ខាងលើនេះកើតឡើង។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកមូលហេតុជាក់លាក់ បាននិងកំពុងធ្វើឡើងហើយ៕