(ប៊ែរឡាំង)៖ ប៉ូលិសយ៉ាងហោច៤៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយក្រុមបាតុករ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិត ដាក់ចេញ ដោយរដ្ឋាភិបាលអាល្លឺម៉ង់ ដើម្បីទប់ស្កាត់ COVID-19 ក្នុងនោះរួមមានទាំងការពាក់ម៉ាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសអាល្លឺម៉ង់ បានឱ្យដឹងទៀតថា មនុស្សប្រមាណ ២០,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ា នៅឯទីក្រុងប៊ែរឡាំង កាលពីថ្ងៃចុង សប្ដាហ៍កន្លងទៅ។

នៅក្នុងបាតុកម្មតវ៉ា ដែលក្រុមបាតុករហៅថា «ថ្ងៃនៃសេរីភាព» អ្នកចូលរួមភាគច្រើន មិនបានពាក់ម៉ាស ឬក៏អនុវត្តវិធានការរក្សា គម្លាតសុវត្ថិភាពនោះទេ ហើយមិនតែប៉ុណ្ណោះបើតាមប៉ូលិស បាតុករមួយចំនួនថែមទាំងប្រើប្រាស់ហិង្សាប្រឆាំងនឹងអាជ្ញាធរទៀតផង រហូតដល់បង្កឱ្យប៉ូលិស៤៥នាក់រងរបួស ក្នុងនោះមាន៣នាក់ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯ បាតុករ១៣៣នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ៕