(ប៉េកាំង)៖ ក្រសួងធនធានធម្មជាតិចិននៅថ្ងៃចន្ទនេះ បានប្រកាសពីការបញ្ចប់ការធ្វើតេស្តផ្ទៀងផ្ទាត់ ប្រព័ន្ធរបស់ផ្កាយរណបចំនួន ០២គ្រឿង ដែលប្រើសម្រាប់សង្កេត មើលសកម្មភាពមហាសមុទ្រ។ ការធ្វើតេស្តនោះត្រូវបានប្រព្រឹត្តទៅ​នៅឯតំបន់ស្វយ័តម៉ុងហ្គោលី ភាគខាងជើងនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២០។

ការធ្វើតេស្តខាងលើមានរយៈពេល ៣៥ថ្ងៃ និងត្រូវបានដឹកនាំដោយទីភ្នាក់ងារទទួលបន្ទុក ផ្នែកផ្កាយរណបមហាសមុទ្រ នៃក្រសួងធនធានធម្មជាតិចិន និងក្រោមការជួយជ្រោមជ្រែង ពីបណ្ឌិត្យសភាបចេ្ចកវិទ្យាអវកាសចិន។

ការធ្វើតេស្តរួមមានទាំងការផ្ទៀងផ្ទាត់លើឧបករណ៍ ហៅថា Microwave Scatterometer ជាឧបករណ៍យ៉ាងសំខាន់មួយ ដែលត្រូវបានភ្ជាប់ជាមួយផ្កាយរណប HY-2B របស់ចិន និងផ្កាយរណប សង្កេតមហាសមុទ្រមួយទៀត ដែលជាសមិទ្ធផលរួមរវាងចិន និងបារាំង។ ផ្កាយរណបទាំងពីរត្រូវបានបាញ់បង្ហោះចេញពីផែនដី កាលពីខែតុលា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា Microwave Scatterometer គឺជាឧបករណ៍រ៉ាដា ដែលអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តសង្កេតស្វែងយល់ពីបាតុភូតរលក និងខ្យល់ នៅលើផ្ទៃមហាសមុទ្រព្រមពេលជាមួយគ្នាតែម្តង និងឲ្យកាន់តែមានប្រសិទ្ធភាព។ ឧបករណ៍នេះមានសារៈសំខាន់ជាខ្លាំង ក្នុងការសិក្សាស្រាវជ្រាវ​ទៅលើបរិស្ថានដែនសមុទ្រ និងបាតុភូតបម្រែបម្រួលអាកាសធាតុសកល៕