(សេអូល)៖ មេដឹកនាំសាសនាមួយរូបនៅកូរ៉េខាងត្បូង គឺលោក លី ម៉ាន់ហ៊ី (Lee Man-hee) វ័យ ៨៨ឆ្នាំ ជាប្រធានព្រះវិហារស៊ីនឈុនជី (Shincheonji) នៅទីក្រុងតេគូ (Daegu) ត្រូវបានចាប់ខ្លួនហើយនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ពីបទរារាំងកិច្ចខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃ COVID-19 របស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ​ដោយសារពត៌មាន CNA។

ករណីឆ្លង COVID-19 ជាង ៤,០០០ករណី ក្នុងចំណោមករណីឆ្លងទាំងអស់នៅកូរ៉េខាងត្បូង គឺជាប់ទាក់ទងនឹងព្រះវិហារ Shincheonji កាលពីខែកុម្ភៈ ខណៈដែលប្រទេសកំពុងទទួលរង នូវការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះដំបូងៗ។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺ KCDC បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ចំនួនករណីឆ្លង ៣៥% នៃករណីឆ្លងសរុប មានជាប់ទាក់ទងទៅនឹងព្រះវិហារនោះ។

លោក Lee ត្រូវបានគេចោទប្រកាន់ពីបទ ផ្ដល់នូវកំណត់ត្រាមិនត្រឹមត្រូវនៃព្រះវិហារ និងបញ្ជីឈ្មោះសមាជិកមិនពិតប្រាកដ ដល់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។ លោកក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទកឹបកេងប្រាក់ចំនួន ៥.៦លានវ៉ុនពីមូលនិធិព្រះវិហារ និងរៀបចំពិធីសាសនានៅតាមកន្លែងសាធារណៈ ដោយគ្មានការអនុញ្ញាត។

គួរបញ្ជាក់ថា លោក Lee ត្រូវបានប៉ូលិសនាំទៅឃុំខ្លួនជាបណ្តោះអាសន្ន​នៅព្រឹកថ្ងៃសៅរ៍នេះ បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួននៅម៉ោង ១៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍នេះ។ ប្រទេសអាស៊ីបូព៌ាដែលមានប្រជាជនសរុបចំនួន ៥២លាននាក់មួយនេះ មានករណីឆ្លង COVID-19 សរុប ១៤,៣៣៦ករណី ក្នុងនោះស្លាប់ជាង ៣០០នាក់ និងជាសះស្បើយវិញជាង ១៣,២០០នាក់៕