(ទ្រីប៉ូលី)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺឆ្លងលីប៊ី បានអះអាងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ១៨៣ករណីបន្ថែម ដែលធ្វើឲ្យករណីឆ្លងសរុប កើនឡើងដល់ ៣,៦២១ករណី ក្នុងនោះមនុស្ស ៧៤នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសោរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលកាលពីថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ករណីឆ្លងថ្មីៗនៅតែបន្តកើនឡើងនៅទូទាំងប្រទេស​ដែលបានបង្កផលលំបាកយ៉ាងខ្លាំង ក្នុងការទប់ស្កាត់ការឆ្លងនៅតាមសហគមន៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ទីក្រុងទាំងអស់នៅក្នុងប្រទេសលីបី ស្ថិតនៅក្នុងការប្រកាសអាសន្នកម្រិតចាប់ពី ៣ ទៅដល់ ៤ នៃជំងឺរាតត្បាត ពោលគឺស្ថានភាពកាន់តែមានការលំបាក ក្នុងការតាមដានករណីករណីសង្ស័យ ខណៈដែលករណីវិជ្ជមាននៃវីរុសកូរ៉ូណានេះ នៅតែបន្តកើនឡើងជាហូរហែរ។

គួរបញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ រដ្ឋាភិបាលលីបីបានសម្រេចបិទ ព្រំដែន សាលារៀន និងវិហារអ៉ីស្លាម រួមទាំងការហាមឃាត់មិនឲ្យមានការជួបជុំ នៅតាមទីសាធារណៈផងដែរ៕