(ប៉េកាំង)៖ កងទ័ពរំដោះប្រជាជនចិន (PLA) បានដំឡើងម៉ាស៊ីនភ្លើងដ៏ទំនើបមួយលើនាវាចម្បាំងរបស់ខ្លួន ដើម្បីបង្កើនថាមពលនៃអាវុធ ដែលត្រូវការកម្រិតថាមពលខ្ពស់ដូចជា អាវុធឡាស៊ែរ និងកាំភ្លើងយន្ដជាដើម។ នេះបើតាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយចិន ដកស្រង់ដោយ Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

សារព័ត៌មានចិន Global Times ដោយផ្អែកលើវិទ្យាស្ថានស្រាវជ្រាវ ៧០៤ (704 research institute) នៃក្រុមហ៊ុនផលិតនាវាចិន (China State Shipbuilding Corporation) បានឱ្យដឹងទៀតថា ម៉ាស៊ីនផលិតថាមពលអគ្គិសនី ២០ម៉េហ្គាវ៉ាត់ខាងលើនេះ ត្រូវបានផលិតរួចរាល់កាលពីឆ្នាំ២០១៨ និងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។ វិទ្យាស្ថានដដែល មិនបានបញ្ជាក់ថា តើម៉ាស៊ីនភ្លើងនេះត្រូវដំឡើង ឬបំពាក់លើនាវាចម្បាំងណាមួយឱ្យប្រាកដនោះទេ ប៉ុន្តែគេជឿជាក់ថា វាអាចនឹងត្រូវបានដំឡើងលើវានាពិឃាដបំពាក់មីស៊ីល
ទំនើបចុងក្រោយបំផុតរបស់ចិនគឺ e-Type 055។

គួរបញ្ជាក់ថា បើតាមសារព័ត៌មានចិន Global Times ម៉ាស៊ីនភ្លើងដ៏ទំនើបខាងលើ មានសមត្ថភាពផលិតអគ្គិសនីខ្លាំង ៤ដងនៅនាវាចម្បាំង ដើម្បីបង្កើនកម្លាំងរុញច្រានអាវុធដ៏ពេញលេញ ហើយវាក៏នឹងត្រូវបានប្រើប្រាស់ផងដែរ សម្រាប់បង្កើនថាមពលកាំភ្លើងយន្ដ ដើរដោយប្រព័ន្ធអេឡិចត្រូម៉ាញេទិច និងអាវុធឡាស៊ែរ ឱ្យបាញ់ចេញក្នុងល្បឿនដ៏លឿនបំផុត៕