(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ នេះថា អ្នកឆ្លងជំងឺ COVID-19 សរុប ៤៥នាក់ថ្មីទៀតត្រូវបានរកឃើញ នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ ដែលជាអត្រាធ្លាក់ចុះទាបមកវិញ ក្រោយពីបានហក់ឡើង រហូតដល់រាប់រយករណី អស់ប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ភាគពាយ័ព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

របាយការណ៍បានបន្តទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤៥នាក់ខាងលើនេះគឺមាន ៣១ករណីនៅតំបន់ស្វយ័តស៊ីនជាំង, ០៨ករណីនៅខេត្តលាវនីង (Liaoning) និង ០៦ករណីទៀតជាប្រភេទនាំចូលពីខាងក្រៅប្រទេស។ មិនមានករណីស្លាប់ ត្រូវបានរាយការណ៍នោះឡើយ នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសចិន គឺស្ថិតនៅលំដាប់លេខ ២៩ លើពិភពលោកដោយមានសរុប ៨៤,៣៣៧ករណី ក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយឡើងវិញ ៧៨,៩៨៩នាក់៕