(ហុងកុង)៖ ប៉ូលិសនៃទីក្រុងហុងកុងទើបតែបានចេញបញ្ជាឲ្យមានការចាប់ខ្លួនជាផ្លូវការ ទៅលើសកម្មជនសរុបចំនួន៦នាក់ថែមទៀត ក្រោយការសង្ស័យថា ពួកគេប្រព្រឹត្តពីបទល្មើសញុះញង់បង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដែលបំពានលើច្បាប់សន្តិសុខជាតិថ្មី ដែលទើបត្រូវបានអនុម័តកាលពីខែមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅថ្ងៃយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

សកម្មជន៦នាក់នោះ រួមមានទាំងលោក Nathan Law Kwun-chung និង លោក Wayne Chan Ka-kui ផងដែរ ដែលធ្លាប់ជាសកម្មជនដ៏លេចធ្លោនៅទីក្រុងហុងកុង។ បុគ្គលទាំង៦នាក់បានរត់ភៀសខ្លួនចេញទីក្រុងហុងកុង ទៅកាន់ប្រទេសក្រៅ នៅពេលច្បាប់សន្តិសុខជាតិថ្មីសម្រាប់ហុងកុង ត្រូវបានដាក់ចេញកាលពីចុងខែមិថុនាកន្លងទៅ។

ឥឡូវពួកគេត្រូវស្ថិតក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិសហុងកុង ពីបទសង្ស័យធ្វើអបគមន៍ និងចូលដៃជាមួយបរទេស ឬកម្លាំងពីខាងក្រៅ ដើម្បីបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ខណៈទង្វើទាំងនេះគឺត្រូវបានហាមឃាត់ជាដាច់ខាតក្នុងច្បាប់សន្តិសុខជាតិថ្មី។

ដោយឡែកនិស្សិតហុងកុង៤នាក់ ក៏ទើបតែត្រូវបានចាប់ខ្លួនហើយ ក្រោមច្បាប់សន្តិសុខជាតិថ្មីនេះដែរដោយចោទប្រកាន់ពីបទរៀបចំទង្វើញុះញង់បង្កឲ្យមានភាពអសន្តិសុខជាតិ។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក លី ក្វៃវ៉ា (Li Kwai-wah) មន្រ្តីប៉ូលីសមកពីកងអង្គភាពសនិ្តសុខជាតិថ្មីបាននិយាយថា តាមប្រភពនិងការស៊ើបអង្កេតមួយចំនួនបានបង្ហាញថា ក្រុមនិស្សិត៤នាក់ខាលើនេះទើបតែបានប្រកាសនៅលើបណ្ដាញសង្គម ដើម្បីបង្កើតអង្គការមួយដែលទាមទារឲ្យមានការគាំទ្រ ទៅលើក្រុមទាមទារឯករាជ្យនៅហុងកុង តែត្រូវបានរំសាយដោយប៉ូលិស ក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលអនុម័តដោយទីក្រុងប៉េកាំង។

ច្បាប់សន្តិសុខជាតិថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តនៅហុងកុង ក្នុងរយៈពេលមួយខែមកហើយនេះមានគោលដៅទប់ស្កាត់ ការបំបែករដ្ឋ, ការធ្វើវិទ្ធង្សនា, ការធ្វើភេរវកម្ម និងការគប់គិតជាមួយកម្លាំងបរទេស ដើម្បីបង្កចលាចលផ្ទៃក្នុងហុងកុង។ លោក Li Kwai-wah បានបន្ថែមទៀតថា ទូរស័ព្ទ និងឯកសារដែលជាប់ទាក់ទង ត្រូវបានរឹបអូសដោយក្រុមមន្រី្តប៉ូលីស ហើយអ្នកដែលត្រូវបានចាប់ខ្លួន ទាំងអស់គឺជានិស្សិត។

គួរបញ្ជាក់តាមសម្តីអតីតសមាជិក នៃក្រុមដែលធ្លាប់តស៊ូគាំទ្រ ឯករាជ្យភាពហុងកុងបានអះអាងថា អតីតមេដឹកនាំរបស់ខ្លួនគឺ ថូនី ជុង (Tony Chung) អាយុ ១៩ឆ្នាំ ក៏ស្ថិតក្នុងចំណោមនិស្សិតដែលត្រូវបានចាប់ខ្លួននោះដែរ៕