(សេអ៊ូល)៖ ផ្កាយរណបទំនាក់ទំនងយោធាដំបូងបង្អស់ របស់ប្រទេសកូរ៉េខាងត្បូង បានជ្រៀតចូលទៅកាន់គន្លងគោចរជុំវិញភពផែនដី ដោយជោគជ័យហើយ ក្រោយពីត្រូវបានបាញ់បង្ហោះ ចេញពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋបាលទទួលបន្ទុកកម្មវិធីការពារជាតិ របស់កូរ៉េខាងត្បូងហៅកាត់ថា DAPA បានប្រកាសថា ផ្កាយរណបអាណាស៊ីស ២ (Anasis-II) បានទៅដល់គន្លងរបស់វា ដោយជោគជ័យនៅក្នុងរយៈចម្ងាយប្រហែល ៣៦,០០០គីឡូម៉ែត្រពីភពផែនដី (ជាគន្លងភូមិសាស្ត្រ ឬ geostationary orbit) កាលពីវេលាម៉ោង ៧៖១១នាទីព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅកូរ៉េ)។

នៅខែតុលាខាងមុននេះ យោធាកូរ៉េខាងត្បូងនឹងកាន់កាប់ប្រព័ន្ធនេះទាំងស្រុង បន្ទាប់ពីធ្វើការសាកល្បងរួចរាល់។ Anasis-II ត្រូវបានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែតប្រភេទ Falcon 9 ដែលអភិវឌ្ឍដោយក្រុមហ៊ុន SpaceX ចេញពីមូលដ្ឋាន ខិនណឺឌី (Kennedy) ក្នុងរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែកក្កដាកន្លងទៅ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានក្លាយជាប្រទេសទី ១០ នៅលើពិភពលោក ដែលមានផ្កាយរណបទំនាក់ទំនងយោធាដ៏ទំនើបនេះ ដែលអាចបង្កើនសមត្ថភាពទំនាក់ទំនងយោធា និងដើម្បីទប់ទល់ពីការរំខាន់ណាមួយ ដែលជាកត្តាដ៏សំខាន់ ក្នុងការគ្រប់គ្រងយុទ្ធសាស្រ្តសង្គ្រាមផងដែរ៕