(សេអ៊ូល)៖ ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា ទោះបីជាសហគមន៍អន្តរជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត លើកូរ៉េខាងជើងក៏ដោយ ក៏ប្រទេសនេះនៅតែបានរាយការណ៍ ពីកំណើនសេដ្ឋកិច្ចជាលើកដំបូងក្នុងរយៈពេល ០៣ឆ្នាំកន្លងមកនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ធនាគារកូរ៉េខាងត្បូង BOK បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងជើងបានកើនឡើង ០.៤ % កាលពីឆ្នាំ២០១៩ បន្ទាប់ពីបានធ្លាក់ចុះ ៤.១ % កាលពីឆ្នាំ២០១៨។ តួលេខកាលពីឆ្នាំ២០១៨បានបង្ហាញថា សេដ្ឋកិច្ចកូរ៉េខាងជើងបានជួបឱភាពពីរឆ្នាំជាប់ៗគ្នា ដោយសារតែទណ្ឌកម្មអន្តរជាតិជុំវិញ ការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ ធនាគារ BOK បានបន្តទៀតថា វិស័យសំណង់ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការកើនឡើងបន្តិចបន្តួច ចំណែកឯវិស័យរ៉ែ និងផលិតកម្មវិញ មានការធ្លាក់ចុះយ៉ាងខ្លាំង។

នៅក្រោមទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កូរ៉េខាងជើងត្រូវបានហាមឃាត់ មិនឲ្យនាំចេញរ៉ែធ្យូងថ្ម ដែក និងវាយនភ័ណ្ឌ តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដែលបានធ្វើឲ្យវិស័យនេះបាត់បង់ចំណូលយ៉ាងច្រើន។ ទោះបីជាយ៉ាងនេះក្តី ការនាំចេញសរុបបានកើនឡើងវិញ ១៤,៤% ស្មើនឹងទំហំទឹកប្រាក់សរុប ២៨០លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៩។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បានធ្វើការសន្យាជាច្រើនដងរួចមកហើយថា លោកនឹងបន្តលើកស្ទួយកម្រិតជីវភាព របស់ប្រជាជនកូរ៉េខាងជើង តាមរយៈការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចនៅក្នុងស្រុក។ ប៉ុន្តែលោកមិនបានបញ្ជាក់ ពីកំណែទម្រង់ស៊ីជម្រៅនោះទេ ដោយនៅតែបន្តដើរតាមមាគ៌ារបស់ជីតា និងឱពុករបស់លោកដដែល។

គួរបញ្ជាក់ថា យោងតាមការសនិ្នដ្ឋានរបស់អង្គការសហប្រជាជាតិ (UN) បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ស្ថិតនៅក្នុងចំណោមប្រទេសក្រីក្រខ្លាំងបំផុត ហើយប្រជាជនប្រមាណ ៤០% នៃប្រជាជនសរុបទាំងជាង ២៥លាននាក់ ត្រូវការជំនួយស្បៀងអាហារជាបន្ទាន់៕