(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងនៅថ្ងៃសុក្រនេះថា ការផ្ទុះជំងឺឆ្លង COVID-19 នៅឡើងវិញនៅទីក្រុងហុងកុង គឺជាកត្តាប៉ះពាល់ដល់ការបោះឆ្នោត នៅក្នុងទីក្រុងស្វយ័តមួយនេះ ហើយវាគឺជាកិច្ចផ្ទៃក្នុងរបស់ហុងកុង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ បានកើតឡើងនៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃមួយ ដែលត្រូវបានធ្វើឡើងនៅថ្ងៃសុក្រ នៅរដ្ឋធានីប៉េកាំង ខណៈអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) ត្រូវបានគេរំពឹងថា នឹងប្រកាសពន្យារពេលការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដោយសារតែសន្ទុះនៃការឆ្លងរាតត្បាតឡើងវិញនៃ COVID-19។

គួរបញ្ជាក់ថា ក្រោយរកឃើញករណីឆ្លងជំងឺ COVID-19 រាប់រយករណីក្នុងមួយថ្ងៃៗ នាប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ ករណីឆ្លងសរុបនៅទីក្រុងស្វយ័តចិនមួយនេះ បានកើនឡើងរហូតដល់ ៣,១៥២ករណី ក្នុងនោះស្លាប់ ២៧នាក់ និង ១,៦៦០នាក់ជាសះស្បើយឡើងវិញ៕