(ហាណូយ)៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង អាជ្ញាធរសុខាភិបាលវៀតណាម បានរាយការណ៍ពីករណីស្លាប់ដំបូង ដោយសារជំងឺរាតត្បាតសកល COVID-19 ទៅលើបុរសវ័យចំណាស់ម្នាក់ រស់នៅទីក្រុងដាណាង (Da Nang) ដែលកំពុងស្ថិតក្នុងការបិទទ្វារ ខណៈវីរុសកូរ៉ូណា បានផ្ទុះឡើងសាជាថ្មីនៅតំបន់នោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរសុខាភិបាលវៀតណាម បុរសខាងលើនេះមានវ័យ ៧០ឆ្នាំ បានបាត់បង់ជីវិតកាលពីព្រឹកថ្ងៃសុក្រនេះ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៥នាក់ទៀត ដែលភាគច្រើនកើតឡើងនៅទីក្រុងដាណាង (Da Nang) ភាគកណ្តាលនៃប្រទេស ហើយនេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងខែមករាកន្លងមក។

មន្ត្រីសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងវិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ករណីឆ្លងថ្មីបានកើនឡើងដល់ ៩៣ករណី ហើយបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៥០៩ករណី ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ៣៧៣នាក់។

រដ្ឋធានីហាណូយ បានធ្វើតេស្តលើមនុស្សចំនួន ២១,០៦៣នាក់ ដែលទើបតែវិលត្រឡប់មកពីទីក្រុងដាណាងវិញ។ ចំណែកឯទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចបិទកន្លែងកម្សាន្ត និងហាមឃាត់ការជួបជុំនៅតាមទីប្រជុំជន បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន ០២ករណី ក្នុងចំណោមមនុស្ស ១៨,០០០នាក់ ដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងដាណាង។

គួរបញ្ជាក់ថា អាជ្ញាធរវៀតណាមបានផ្ញើសារជាអក្សរ ទៅគ្រប់ទូរស័ព្ទរបស់ប្រជាជន ៩៥លាននាក់នៅទូទាំងប្រទេស នឹងបានជម្រុញឲ្យអ្នកដែលធ្លាប់ធ្វើដំណើរទៅ ទីក្រុងដាណាង ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់ ខណៈដែលរលកថ្មីនៃការចម្លងនេះ បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន ០៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល ០៦ថ្ងៃប៉ុណ្ណោះ៕