(រីយ៉ូ)៖ ក្រុមហ៊ុនឱសថចិន Sinopharm និងរដ្ឋ Parana របស់ប្រទេសប្រេស៊ីល បានព្រមព្រៀងគា្នឲ្យដំណើរការសាកល្បងវ៉ាក់សាំង COVID-19 ហើយគ្រោងនឹងស្នើសុំ ការអនុញ្ញាតពីរដ្ឋាភិបាលប្រេស៊ីល ក្នុងរយៈពេល ២សប្តាហ៍ខាងមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

ការសាកល្បងនេះដែលមានការចូលរួមពីក្រុមហ៊ុន Sinopharm គឺជាតំណាក់កាលទី៣ នៅក្នុងប្រទេសប្រេស៊ីល ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន AstraZeneca, Sinovac Biotech និង Pfizer សហការជាមួយក្រុមហ៊ុន BioNTech។ លោក Jorge Callado ប្រធានវិទ្យាស្ថានបច្ចេកវិទ្យា Parana (Tecpar) បាននិយាយថាពួកគេនឹង ធ្វើការបញ្ចប់សំណើរក្នុងពេលឆាប់ៗនេះ ហើយនឹងបញ្ជូនសំណើរនេះ ទៅឲ្យអាជ្ញាធរសុខាភិបាលប្រេស៊ីល ហៅកាត់ថា Anvisa ធ្វើការវាយតម្លៃ។

វ៉ាក់សាំងដែលបានអភិវឌ្ឍដោយក្រុមហ៊ុន Sinopharm ក៏កំពុងត្រូវបានសាកល្បងនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម លើអ្នកស្ម័គ្រចិត្តចំនួន១៥,០០០នាក់ផងដែរ។ បន្ថែមពីលើនេះ រដ្ឋាភិបាលនៃរដ្ឋ Parana បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងពិភាក្សាជាមួយនឹងក្រុមអ្នកស្រាវជ្រាវរុស្ស៊ី ពីលទ្ធភាពនៃការផលិត វ៉ាក់សាំង ហើយឆាប់ៗនេះអភិបាលរដ្ឋ Parana នឹងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រេស៊ីល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធ ម្សិលមិញ ប្រទេសប្រេស៊ីលបានរកឃើញករណីឆ្លងថ្មីៗ ចំនួន៦៩,០៧៤នាក់ និង ១,៥៩៥នាក់បានស្លាប់បន្ថែម ហើយរហូតមកដល់ពេលនេះ នៅទូទាំងប្រទេសមានករណីឆ្លងសរុបច្រើនជាង ២.៥លានករណី ក្នុងនោះ៩០,០០០នាក់បានស្លាប់៕