(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥២,១២៣ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៧៥នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់ ១,៥៨៣,៧៩២ករណី ដោយក្នុងនោះអ្នកជំងឺ ៣៤,៩៦៨នាក់ស្លាប់ និង ១,០២០,៥៨២នាក់ទៀត បានជាសះស្បើយឡើងវិញ។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកនៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕