(ស៊ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗរហូតទៅដល់ ៧២៣នាក់បន្ថែម រួមជាមួយករណីស្លាប់ថ្មី ១៣នាក់ផងដែរ ដែលនេះគឺជាតួលេខដ៏អាក្រក់បំផុត មិនធ្លាប់មានពីមុនមកទេ សម្រាប់រដ្ឋដែលមានប្រជាជនរស់នៅ ច្រើនបំផុតលំដាប់ទី ២ របស់អូស្ត្រាលីមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុន អាជ្ញាធររដ្ឋវិចតូរៀ បាននិយាយថា អ្នកជំងឺបានល្មើសនឹងច្បាប់ធ្វើចត្តាឡីស័ក ឬមិនបានមករកសេវាកម្មធ្វើតេស្តឲ្យទាន់ពលវេលា ដែលជាហេតុបណ្តាលឲ្យមាន ការឆ្លងរីករាលដាលក្នុងសហគមន៍បែបនេះ បើទោះបីជាមានវិធានការ បិទខ្ទប់ប្រទេសក៏ដោយ។

ប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បានលើកឡើងថា «ប្រសិនបើអ្នកមានរោគសញ្ញា រឿងតែមួយគត់ដែលអាចធ្វើបាន គឺត្រូវធ្វើតេស្តជាបន្ទាន់។ អ្នកមិនអាចទៅធ្វើការបានទេ ព្រោះប្រសិនបើអ្នកធ្វើដូច្នេះ អ្នកគឺកំពុងចែកចាយវីរុសហើយ»។

គួរបញ្ជាក់ថា អូស្ត្រាលីដែលកន្លងមកត្រូវបានអន្តរជាតិចាត់ទុកថា ជាប្រទេសជោគជ័យ ក្នុងការទប់ស្កាត់ការរាតត្បាត COVID-19 នោះ កំពុងតែព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពនៃការផ្ទុះរលកទី ២ ខណៈករណីឆ្លងជាចង្កោមៗ នៅក្នុងទីក្រុមែនប៊ន នៃរដ្ឋវិចតូរៀ ត្រូវបានរកឃើញជាបន្តបន្ទាប់។ បណ្តារដ្ឋ និងតំបន់ជាច្រើន បានសម្រេចហាមឃាត់អ្នកធ្វើដំណើរមកពីរដ្ឋ Victoria។ បច្ចុប្បន្ន អូស្ត្រាលីមានករណីឆ្លងសរុបជាង ១.៦ម៉ឺនករណី ក្នុងនោះស្លាប់ ១៨៩នាក់ និងជាសះស្បើយវិញជាង ១ម៉ឺននាក់៕