(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងដកកងទ័ពជិត ១២,០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់ ហើយនេះជាតួលេខខ្ពស់បំផុត ផ្ទុយពីសេចក្ដីរាយការណ៍មុនៗដែលថាកងទ័ព ៩,៥០០នាក់តែប៉ុណ្ណោះនឹងត្រូវដកចេញ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

សារព័ត៌មាន CNN ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក។ ក្រុមមន្ត្រីទាំងនេះបានឱ្យ ដឹងទៀតថា នីតិវិធីដកកងទ័ពអាមេរិក១១,៩០០នាក់ ចេញពីអាល្លឺម៉ង់ នឹងត្រូវចំណាយពេលជាច្រើនឆ្នាំ និងថវិការាប់ពាន់លានដុល្លារ។ ប៉ុន្តែទន្ទឹមគ្នា អ្នកនយោបាយអាមេរិក មួយចំនួនយល់ថា ការសម្រេចចិត្តដកកងទ័ពនេះ អាចនឹងផ្ដល់ផលចំណេញឱ្យរុស្ស៊ី ហើយវានឹងធ្វើឱ្យអឺរ៉ុបបាត់បង់ជំនឿចិត្តលើអាមេរិក ក្នុងការការពារពួកគេ។

គួរជម្រាបថា កងទ័ពអាមេរិក ៣៦,០០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់។ លោក ដូណាល់ ត្រាំ សម្រេចដកកងទ័ពចេញពីអាល្លឺម៉ង់ ដោយសារតែទីក្រុងប៊ែរឡាំង មិនបានបង្កើនកញ្ចប់ថវិកាយោធាគ្រប់គ្រាន់តាមការចង់បានរបស់លោក។ តែយ៉ាងណាក៏ដោយ បើតាមក្រុមមន្ត្រីបញ្ចកោណ ក្នុងចំណោមកងទ័ពដែលនឹងត្រូវដកចេញ មាន ៥,៤០០នាក់ នឹងបន្តស្ថិតនៅលើទឹកដីអឺរ៉ុប គ្រាន់តែមិនទាន់ដឹងពីទីតាំងដែលកងទ័ពទាំងនេះត្រូវឈរជើង ខណៈលោក ត្រាំ ធ្លាប់បង្ហើបពីគម្រោងបញ្ជូនទ័ពបន្ថែមទៅកាន់ ប្រទេសប៉ូឡូញ៕