(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសៅរ៍នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រទេសឥណ្ឌាបានកត់ត្រា ចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៤៨,៩១៦ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៧៥៧នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។

នេះជាការបន្តស្ថានភាពធ្ងន់ធ្ងរសម្រាប់ប្រទេសឥណ្ឌា ដែលបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ក្នុងមួយថ្ងៃក្បែរខ្ទង់ ៥ម៉ឺននាក់បែបនេះ។ ប្រការនេះបានធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះកើនដល់ជាង ១,៣៣៦,៨០០ករណី ដោយក្នុងនោះអ្នកជំងឺសរុបជាង ៣១,៣០០នាក់ស្លាប់ និងជាង ៨៤៩,៤០០នាក់ទៀត បានជាសះស្បើយឡើងវិញ។

នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយទេ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោកនៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕