(រីយ៉ូ)៖ លទ្ធផលនៃការបោះឆ្នោតស្ទង់មតិ ធ្វើឡើងដោយស្ថាប័នចំនួនបីបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីប្រេស៊ីលបច្ចុប្បន្នលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) មានការកើនឡើង នៅចំពោះមុខការបោះឆ្នោត ឆ្នាំ២០២២ បន្ទាប់ពីលោកបានឆ្លងជំងឺ COVID-19 ដែលជាវិបត្តិធំធេងបំផុត របស់ប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០។

កន្លងមកលោក បូសូណារ៉ូ មិនបានបង្ហាញចំណាត់ការក្តៅ ឬក៏ចាត់ទុកវីរុសកូរ៉ូណា ជាអាវុធដ៏កាចសាហាវនោះឡើយ ដែលប្រការនេះត្រូវបានក្រុមប្រឆាំង និងអ្នកជំនាញអន្តរជាតិអះអាងថា ជាមូលហេតុធំបំផុត ដែលបានរុញច្រានឲ្យប្រេស៊ីល ក្លាយជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនបំផុត លំដាប់លេខពីរនៅសកលលោក ជាមួយករណីឆ្លងសរុបជាង ២.៣លានករណី ក្នុងនោះស្លាប់ជាង ៨៥,០០០នាក់។

យោងតាមលទ្ធផលស្ទង់មតិរបស់សារព័ត៌មាន Poder360 ការគាំទ្រលើលោក បូសូណារ៉ូ បានកើនឡើងពី ៤០% ទៅដល់ ៤៣% នៅក្នុងរយៈពេលពីរសប្តាហ៍មកនេះ គឺក្រោយពេលដែលលោក បានឆ្លងជំងឺ COVID-19 និងកំពុងសម្រាកព្យាបាលនៅឡើយ។ បន្ថែមពីនេះ ការអនុម័តកញ្ចប់ថវិកាប្រមាណ ១១៥លានដុល្លារអាមេរិកជាប្រចាំខែ ដើម្បីជួយដល់ជនក្រីក្រដែលរងគ្រោះដោយសារ COVID-19 នោះ ក៏ជាគោលនយោបាយទាក់ទាញការគាំទ្របន្ថែមទៀត សម្រាប់លោក បូលសូណារ៉ូ ផងដែរ៕