(វ៉ាស៉ីនតោន)៖ លោក John Ullyot អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នាថ្ងៃសុក្រនេះ បាននិយាយថា ចិនគ្មានសិទ្ធិនោះទេ ក្នុងការឆ្លើយតបចំពោះការបញ្ជាឲ្យបិទអគ្គកុងស៊ុលចិនប្រចាំនៅទីក្រុង Houston តាមរយៈការបញ្ជាឲ្យបិទអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុង Chengdu ដើម្បីជាការសងសឹក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

មន្រ្តីអាមេរិកខាងលើបានលើកឡើងដូច្នេះថា «ការដែលយើងបញ្ជាឲ្យបិទអគ្គកុងស៊ុលចិននៅ Houston គឺដើម្បីតែការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនសំខាន់ៗរបស់អាមេរិក ដោយសារវាជាកន្លែងដែលចិនបានសំងំលួចយករបស់ទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចំណែកមន្រ្តីទូតអាមេរិកនៅចិនវិញ គឺបានស្ថិតក្រោមការរឹតត្បិតជាប់មករហូត ដូច្នេះពួកយើងអំពាវនាវឲ្យចិនបញ្ឈប់ទង្វើសងសឹកដ៏អាក្រក់នេះវិញជាបន្ទាន់»

ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានហៅថា អគ្គកុងស៊ុលចិននៅ Houston ថាជា មជ្ឈមណ្ឌលនៃការធ្វើចារកម្ម និងការលួចកម្មសិទ្ធិបញ្ញា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នាថ្ងៃសុក្រនេះ ក៏បានចេញមុខថ្កោលទោសសម្តីរបស់លោក Pompeo។

គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ អាមេរិកបានបញ្ជាឲ្យចិនបិទអគ្គកុងស៊ុលខ្លួននៅទីក្រុង Houston ក្នុងរយៈពេល៧២ម៉ោង។ ភ្លាមៗនោះទីក្រុងប៉េកាំងបានថ្កោលទោសការសម្រេចចិត្តនេះ ហើយបានព្រមានអំពីចំណាត់ការសងសឹកទៅវិញ។ នៅថ្ងៃសុក្រនេះ ចិនក៏បានបញ្ជាឲ្យអាមេរិកបិទអគ្គកុងស៊ុលខ្លួននៅទីក្រុង Chengdu តែម្តង៕