(ម៉ូស្គូ)៖ រុស្ស៉ីនៅថ្ងៃសុក្រនេះ បានច្រានចោលការរិះគន់ពីសំណាក់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលត្រូវបានធ្វើឡើងមកលើ ការធ្វើសកម្មភាពរបស់ខ្លួននៅក្នុងទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

រុស្ស៉ីបានធ្វើការច្រានចោលការរិះគន់ បន្ទាប់ពីប្រទេសទាំងពីរខាងលើ បានបង្ហាញក្តីបារម្ភរៀងៗខ្លួន ជុំវិញការធ្វើតេស្តផ្កាយរណបមួយរបស់រុស្ស៉ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា និងបានអំពាវនាវឲ្យរុស្ស៉ីប្រកាន់នូវឥរិយាបថប្រកបដោយការទទួលខុសត្រូវ នៅក្នុងទីអវកាស ។

ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ការធ្វើតេស្តដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មិនបានបង្កការគំរាមកំហែងណាមួយឡើយ ហើយជាពិសេសនោះ គឺវាមិនបានរំលោភបំពានលើបទដ្ឋាន ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិណាមួយនោះទេ»

គួរជម្រាបថា ជាចុងក្រោយក្រសួងការបរទេសរុស្ស៉ី បានចាត់ទុកការរិះគន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាការព្យាយាម បង្អាប់ បង្ខូចមុខមាត់នៃការធ្វើសកម្មភាពដោយត្រឹមត្រូវរបស់រុស្ស៉ី នៅក្នុងទីអវកាស៕