(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន បានកើនជាង៧០០នាក់បន្ថែមទៀត គឺឡើងដល់២៨,៩៧៧នាក់ ខណៈនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ បាននិយាយថា ទោះជាបែបនេះក្តី គឺមិនទាន់ចាំបាច់ ត្រូវប្រកាសដាក់ប្រទេសជប៉ុន ទៅក្នុងគ្រាអាសន្នជាថ្មីម្តងទៀតឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

ករណីឆ្លងថ្មីៗដែលត្រូវបានរកឃើញនៅក្នុងថ្ងៃសុក្រនេះ គឺបានថយចុះពីម្សិលមិញដែលមានចំនួនជាង៩០០នាក់។ សម្រាប់ទីក្រុងតូក្យូ ដែលជាកន្លែងឆ្លងរាលដាលខ្លាំង គឺមានការរកឃើញករណីថ្មីចំនួន២៦០នាក់ តិចជាងម្សិលមិញ ដែលមានចំនួន៣៦៦នាក់។ ស្របពេល ដែលលោក អាបេ អះអាងថា មិនទាន់ចាំបាច់ត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នសាជាថ្មី លោកក៏បានបញ្ជាក់ផងដែរ គឺរដ្ឋាភិបាលជប៉ុនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត។

គួរជម្រាបថា ប្រទេសជប៉ុនត្រូវបានដកចេញពីគ្រាអាសន្នទាំងស្រុង កាលពីចុងខែឧសភាកន្លងទៅ។ ពាក់ព័ន្ធនឹងចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិត នៅប្រទេសជប៉ុនវិញ គឺកើនដល់១,០០៧នាក់ ដោយរាប់បញ្ចូលនូវ១៣នាក់ ដែលមកពីកប៉ាល់ទេសចរណ៍ Diamond Princess ខណៈចំនួនអ្នកឆ្លងសរុបទាំង២៨,៩៧៧នាក់ គឺពុំមានរាប់បញ្ចូលចំនួនករណីឆ្លង៧១២នាក់មកពីកប៉ាល់នេះឡើយ។ យ៉ាងណាមិញ អ្នកជំងឺជាង២ម៉ឺននាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយព្យាបាលជាសះស្បើយ៕