(ស៊ីដនី)៖ អ្នកដំណើរនៃកប៉ាល់ទេសចរណ៍ មួយគ្រឿងឈ្មោះថា រ៉ាប់ប៊ីស ព្រីនសីស (Ruby Princess) ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ បានដាក់ពាក្យបណ្តឹង ថ្នាក់ដឹកកប៉ាល់ខ្នាតយក្សមួយនេះ ទៅតុលាការអូស្ត្រាលី ជុំវិញករណីផ្ទុះ COVID-19 នៅលើកប៉ាល់ បន្ទាប់ពីមានអ្នកដំណើរចំនួន ២១នាក់បានស្លាប់ដោយសារជំងឺ ដ៏កាចសាហាវមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

ក្រុមមេធាវីរបស់អ្នកដំណើរនៃកប៉ាល់ខាងលើ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Carnival Plc និងក្រុម Princess Cruise Lines Ltd ដែលជាម្ចាស់កប៉ាល់ Ruby Princess ពីបទធ្វើប្រហែសក្នុងការដោះស្រាយស្ថានការណ៍ COVID-19 នៅលើកប៉ាល់ ក៏ដូចជាការបរាជ័យក្នុងភារកិច្ចថែទាំអ្នកដំណើរ។ បណ្តឹងនេះបានធ្វើឡើង ក្នុងគោលបំណងស្វែងរកសំណង តាមរយៈតុលាការសហព័ន្ធ ក្នុងនាមជាអ្នកដំណើរ និងក្រុមគ្រួសាររបស់ពួកគេ។

លោក Vicky Antzoulatos ដែលជាប្រធានសហមេធាវីនៃដើមបណ្តឹង បាននិយាយដូច្នេះថា៖ «យើងអាចនិយាយថា ម្ចាស់ និងប្រតិបត្តិករនៃកប៉ាល់នោះ បានដឹងពី ហានិភ័យនៃការឆ្លងរីករាលដាល COVID-19 មុនពេលដែលកប៉ាល់បានចាកចេញទៅទៀត។ ប៉ុន្តែពួកគេមិនបានចាត់វិធានការដើម្បីធានាពីសុវត្ថិភាពអ្នកដំណើរ របស់ពួកគេឡើយ»

បណ្តឹងនេះកើតឡើងនៅចំពេលដែល គណៈកម្មការស៊ើបអង្កេតពិសេសរបស់រដ្ឋ កំពុងត្រៀមចេញផ្សាយលទ្ធផលរបស់ខ្លួន ទាក់ទងនឹងមូលហេតុដែលអនុញ្ញាតឲ្យ កប៉ាល់ Ruby Princess ចូលចតនៅកំពង់ផែទីក្រុងស៊ីដនី កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ ដែលធ្វើឲ្យទីក្រុងមួយនេះ ប្រែក្លាយជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ បំផុតរបស់ប្រទេស។

គួរជម្រាបថា អ្នកដំណើរទាំអស់នៅលើកប៉ាល់ប្រមាណ ២,៧០០ នាក់ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវា បើទោះបីជាមានការសង្ស័យថា មានករណីឆ្លង COVID-19 ក៏ដោយ។ ក្រោយមក មានអ្នកដំណើរចំនួន ៦០០នាក់ត្រូវបានគេតេស្តឃើញថា វិជ្ជមាន COVID-19 ក្នុងចំណោមនោះ ២១ នាក់បានស្លាប់បាត់បង់ជីវិត៕