(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះ បានព្រមានចាត់វិធានការសងសឹក បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្គាប់ឱ្យខ្លួនបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Houston ដោយ ទីក្រុងវ៉ាស៊ីនតោន អះអាងថាដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា សហរដ្ឋអាមេរិក បានបង្គាប់ឱ្យចិនបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុង Houston នៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយលោកបានចាត់ទុកថាការសម្រេចចិត្តនេះគឺជាការបង្ករឿងមិនធ្លាប់មានពីមុនមក។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក Wang បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនបានស្នើឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តខុសមួយនេះ...ប៉ុន្តែបើសហរដ្ឋអាមេរិក មិនយល់ព្រមទេ នោះចិននឹងចាត់វិធានការ វាយបកទៅវិញ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមទៀតថា ទីក្រុងប៉េកាំង បានបង្ហាញឆន្ទៈដ៏ល្អទៅកាន់មន្ត្រីទូតអាមេរិក នៅក្នុងប្រទេសចិន និងបាន លើកកម្ពស់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក តាមរយៈមន្ត្រីទូតចិន ប្រចាំសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមលោក Wang Wenbin ស្ថានទូត និងស្ថានកុងស៊ុលចិន នៅក្នុងសហរដ្ឋអាមេរិក បានទទួលសារគំរាមសម្លាប់ និងបំផ្ទុះគ្រាប់បែក កាលពីពេលថ្មីៗនេះ តែលោកមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតនោះទេ ជុំវិញបញ្ហានេះ៕