(ពិភពលោក)៖ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រមុខការពារជាតិអាមេរិកលោក ម៉ាក អ៉ីស្ពើ (Mark Esper) បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថាលោកមិនបានចេញបញ្ជា ឲ្យដកកងទ័ពអាមេរិក ចេញពីប្រទេសកូរ៉េខាងត្បូងនោះឡើយ ប៉ុន្តែមន្ទីរបញ្ចកោណអាចនឹងធ្វើការដោះដូរនានា នៅពេលទទួលបានបទបញ្ជា។

២៖ ប្រទេសហ្វីលីពីនបានដោះលែងអ្នកទោសសរុបចំនួន ២១,៨៥៨នាក់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរាលដាល COVID-‌19 ក្នុងចំណោមអ្នកទោស។

៣៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញចេញនូវឆន្ទៈដ៏កម្រ ដោយចង់សហការជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យទទួលបានជោគជ័យ រួចនាំយកវាចូលមកកាន់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រឈមមុខ ភាពតានតឹងរវាងគ្នាស្ទើរគ្រប់វិស័យក៏ដោយ។

៤៖ តំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃពុធនេះ បានប្រកាសឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាស នៅតាមទីកន្លែងសាធារណៈនានាជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19 ។

៥៖ អូស្ត្រាលីនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ COVID-19 ៥០២ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយដែលនេះគឺជាតួលេខអ្នកឆ្លង ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលមួយនេះ បានរាលដាលមកដល់ប្រទេសអូស្រ្តាលី។

៦៖ ឧទ្ធម្ភាគចក្រប្រយុទ្ធ Mi-8AMTSh-VN ស៊េរីថ្មីរបស់រុស្ស៊ី បានចាប់ផ្ដើមធ្វើតេស្ដហោះហើរជាលើកដំបូងហើយ ខណៈយោធារុស្ស៊ីជឿជាក់ថា ឧទ្ធម្ភាគចក្រនេះមានសមត្ថភាពខ្ពស់ នៅក្នុងសមរភូមិប្រយុទ្ធ៕