(ហុងកុង)៖ តំបន់រដ្ឋបាលពិសេសហុងកុង នៅថ្ងៃពុធនេះ បានប្រកាសឲ្យប្រជាជនរបស់ខ្លួនទាំងអស់ ត្រូវតែពាក់ម៉ាស នៅតាមទីកន្លែងសាធារណៈនានាជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ COVID-19 ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នាថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីសម្រេចខាងលើ នឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយមានសុពលភាពរយៈពេល១៤ថ្ងៃ។ អាជ្ញាធរក្រុងហុងកុងក៏ បានរាយការណ៍ឲ្យដឹងដែរថា កាលពីថ្ងៃអង្គារម្សិលមិញករណីឆ្លង COVID-19 ចំនួន៦១នាក់ថ្មី ទើបតែត្រូវបានរកឃើញថែមទៀត ដែលជា ហេតុនាំឲ្យករណីឆ្លងសរុបនៅទូទាំងក្រុងមួយនេះ បានកើនដល់២,០១៨ករណី។

គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅនេះ មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា ស្ថានការណ៍ COVID-19 នៅក្នុងដែនដីហុងកុង គឺគ្រប់គ្រងលែងបានហើយ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រចាំនៅអាស៊ីមួយនេះ បានប្រឈមមុខជាថ្មី ម្តងទៀត ជាមួយការកើនឡើងនៃករណីឆ្លងថ្មីៗ នារយៈពេលចុងក្រោយនេះ៕