(អាមេរិក)៖ មជ្ឈមណ្ឌលតាមដានរលកយក្សស៊ូណាមិរបស់អាមេរិកបានឱ្យដឹងថា ការព្រមានពីរលកយក្សស៊ូណាមិ ត្រូវបានលុបចោលវិញ ក្រោយគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៩៩គីឡូម៉ែត្រតំបន់ភើរីវាល (Perryville) នៃរដ្ឋអាឡាស្កាសហរដ្ឋអាមេរិក កាលពីប៉ុន្មានម៉ោងកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

ភ្លាមៗក្រោយគ្រោះរញ្ជួយផែនដី ការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ត្រូវបានធ្វើឡើងសម្រាប់ទីតាំងខ្លះនៃតំបន់ឆ្នេរនៅភាគខាងត្បូង នៃរដ្ឋអាឡាស្កា និងទីប្រជុំកោះ Aleutian។ ក៏ប៉ុន្តែការព្រមាននេះ ត្រូវបានលុបចោលទៅវិញ បើតាមព័ត៌មានចុងក្រោយដែលចេញផ្សាយ​មជ្ឈមណ្ឌលខាងលើ។ យ៉ាងណាក្តី តំបន់មួយចំនួនអាចនឹងបន្តឃើញ ការផ្លាស់ប្តូរបន្តិចបន្តួចនៃកម្ពស់ទឹកសមុទ្រ។

គួរបញ្ជាក់ថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិតធ្ងន់នោះ មានជម្រៅ​ ១០គីឡូម៉ែត្រ នៅក្រោមផ្ទៃសមុទ្រ៕