(កង់បេរ៉ា)៖ អូស្ត្រាលីនៅថ្ងៃពុធនេះ បានប្រកាសពីការរកឃើញ COVID-19 ៥០២ករណីថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយដែលនេះគឺជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីជំងឺឆ្លងរាតត្បាតសកលមួយនេះ បានរាលដាលមកដល់ប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលអូស្ត្រាលី តួលេខអ្នកឆ្លង COVID-19 ខ្ពស់បំផុតប្រចាំថ្ងៃនាពេលកន្លងទៅ គឺកាលពីជិត៤ខែមុន គឺនៅថ្ងៃទី២៨ ខែមីនា ជាពេលដែលអ្នកឆ្លង៤៦៩នាក់ ត្រូវបានរកឃើញក្នុងរយៈពេលមួយថ្ងៃ។ ដោយឡែកក្នុងចំណោម អ្នកឆ្លងថ្មីទាំង៥០២នាក់ខាងលើ មាន៤៨៤នាក់ ត្រូវបានរកឃើញនៅក្នុងរដ្ឋ Victoria ហើយក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ២នាក់ក៏ត្រូវគេទទួលស្គាល់ថា បានស្លាប់ផងដែរ ធ្វើឱ្យអ្នកស្លាប់ដោយសារ COVID-19 កើនដល់១២៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២,៨៩៦នាក់។

គួរបញ្ជាក់ថា អូស្ត្រាលីធ្លាប់ត្រូវបានគេចាត់ទុកថាជាប្រទេសមួយ ដែលទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លង COVID-19។ ប៉ុន្តែ ក្រោយបន្ធូរបន្ថយវិធានការរឹតត្បិតនានា អស់រយៈពេលប៉ុន្មានខែមកនេះ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ចាប់ផ្ដើមកើនឡើងជាថ្មី ខណៈកំពុងមានការព្រួយបារម្ភពីរលកឆ្លងរាតត្បាតលើកទីទី២។ ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរអូស្ត្រាលី ក៏បានដាក់ចេញជាថ្មីនូវ វិធានការរឹតត្បិតមួយចំនួនឡើងវិញផងដែរ ដោយក្នុងនោះទីក្រុង Melbourne នៃរដ្ឋ Victoria អាចនឹងតម្រូវឱ្យប្រជាជនរបស់ខ្លួនពាក់ម៉ាស ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះតទៅ៕