(ហុងកុង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់ស្វ័យភាពទីក្រុងហុងកុង (Hong Kong Autonomy Act) និងចេញបទបញ្ជាមួយ ដើម្បីធ្វើឱ្យទីក្រុងហុងកុងវិលទៅរកសភាពដូចដើមវិញ (Hong Kong Normalisation) កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅ។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងជាការឆ្លើយតបទៅនឹងទីក្រុងប៉េកាំង ដែលបានដាក់ច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ជាពិសេសអង់គ្លេស យល់ថាច្បាប់នេះនឹងបំផ្លាញសេរីភាព និងប្រជាធិបតេយ្យរបស់ប្រជាជនហុងកុង។ ប៉ុន្តែ ចិនបាន ទាត់ចោលការលើកឡើងបែបនេះ ហើយថែមទាំងព្រមានផងដែរពីហានិភ័យ និងផលវិបាកនៃការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងទីក្រុងហុងកុង។ ច្បាប់ និងបទបញ្ជានេះ បានចែងពីការដាក់ទណ្ឌកម្ម, លែងទទួលស្គាល់ស្វ័យភាពរបស់ទីក្រុងហុងកុង និងលុបចោលការអនុគ្រោះពាណិជ្ជកម្ម សម្រាប់តំបន់សេដ្ឋកិច្ចពិសេសចិនមួយនេះ ជាដើម។

បើសិនជាគ្មានការអនុគ្រោះពាណិជ្ជកម្មពិសេស ឬក៏សហរដ្ឋអាមេរិក រួមទាំងប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួនដាក់ទណ្ឌកម្មមែន នោះវានឹងបង្កការខូចខាតធ្ងន់ធ្ងរ ដល់ទីផ្សារហិរញ្ញវត្ថុ និងអចលនទ្រព្យទីក្រុងហុងកុង។ បណ្ដាប្រទេសមួយចំនួនដូចជា អូស្ត្រាលី, អង់គ្លេស និងនូវែលសេឡង់ ក៏ត្រូវបានគេមើលឃើញផងដែរថាអាច នឹងដើរតាមសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងហុងកុង។ ជាឧទាហរណ៍ជាក់ស្ដែង គឺអង់គ្លេសតែម្ដង ដែលទើបតែប្រកាសព្យួរសន្ធិសញ្ញាធ្វើបត្យាប័ន និង បន្តសុពលភាពលើបម្រាមនាំចេញអាវុធឱ្យទីក្រុងហុងកុង។

តើទណ្ឌកម្ម អាចនឹងធ្វើឱ្យទីផ្សារភាគហ៊ុនទីក្រុងហុងកុង ដួលបាស់ជើងដែរឬទេ? លោក Simon Lee ជាសាស្ត្រាចារ្យជាន់ខ្ពស់ម្នាក់ មកពីសាកលវិទ្យាល័យ Chinese University of Hong Kong Business School យល់ថាជាការពិតណាស់ ទណ្ឌកម្មនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់ទីផ្សារហិរញ្ញវត្ថុ ទីក្រុងហុងកុង តែមិនដល់ថ្នាក់ធ្វើឱ្យ ទីផ្សារហ៊ុនដួលបាស់ជើងនោះទេ ហើយដើម្បីជួយសង្រ្គោះទីផ្សាររបស់ខ្លួនទីក្រុងហុងកុង ប្រហែលជាមិនអាចរត់ទៅពឹងអ្នកណាផ្សេងក្រៅពី ចិនបានឡើយ។

បើតាមលោក Simon Lee ៥៤ភាគរយនៃហ៊ុនក្នុងទីផ្សារហ៊ុន Hang Seng Index គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដែលមានជាប់ពាក់ព័ន្ធ ឬក៏ជាក្រុមហ៊ុនចិនដីគោកតែម្ដង។ ម្យ៉ាងវិញទៀត ខណៈសេដ្ឋកិច្ចចិនមានសេ្ថរភាព អ្នកវិនិយោគអន្តរជាតិ នៅតែអាចប្រើប្រាស់ទីក្រុងហុងកុង ដើម្បីវិនិយោគលើក្រុមហ៊ុនទាំងនេះដដែល ហើយមិនតែ ប៉ុណ្ណោះ អ្នកវិនិយោគអន្តរជាតិ ក៏អាចវិនិយោគដោយផ្ទាល់ចូលក្នុងទីផ្សារចិន តាមរយៈទីផ្សារហ៊ុន Shanghai-Hong Kong Stock Connect និង Shenzhen-Hong Kong Stock Connect បានផងដែរ។

លោក Simon Lee បន្ថែមទៀតថា តាមការពិតទៅ ទោះបីជាមាន ឬគ្មានច្បាប់សន្តិសុខសុខជាតិថ្មី ក៏សហរដ្ឋអាមេរិក នៅតែមានការប្រុងប្រយ័ត្នលើទីក្រុងហុងកុង ដូចដែលខ្លួនព្រួយបារម្ភចំពោះចិនដូច្នោះដែរ។ ដ្បិត ទីក្រុងហុងកុង បានដើរតួនាទីយ៉ាងខ្លាំងនៅក្នុងកំណើនសេដ្ឋកិច្ចចិន និងធ្វើជាផ្លូវភ្ជាប់ពាណិជ្ជកម្មចិនជាមួយ អន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោក Simon ធ្វើឡើងដោយផ្អែកលើសម្រេចចិត្តមួយ របស់គណៈកម្មការទូរគមនាគមន៍សហព័ន្ធអាមេរិក កាលពីខែមេសាកន្លងទៅ ដែល យល់ព្រមប្រតិបត្តិការផ្នែកខ្លះនៃប្រព័ន្ធខ្សែកាប Pacific Light Cable Network ជាមួយកោះតៃវ៉ាន់ ដោយសុខចិត្តដកទីក្រុងហុងកុង ចេញពីគម្រោងនេះ។ តែយ៉ាងណាក៏ដោយ ការខូចខាត ក៏ដូចជាផលវិបាកជាក់ស្ដែងរបស់ទីក្រុងហុងកុង និងចិន គឺវាអាស្រ័យទៅលើថាតើលោក ដូណាល់ ត្រាំអនុវត្តតាមច្បាប់ស្វ័យភាព ទីក្រុងហុងកុងដល់កម្រិតណា។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍ ពាណិជ្ជកម្មទីក្រុងហុងកុង កាលពីឆ្នាំ២០១៩ ១១.២ភាគរយនៃការនាំចេញរបស់ចិន គឺទទួលខុសត្រូវដោយ ទីក្រុងហុងកុង ហើយការនាំចូល និងនាំចេញបានចូលរួមចំណែក ១៧.២ភាគរយ នៃផលិតផលសរុបនៅក្នុងស្រុក GDP របស់ទីក្រុងហុងកុង ព្រមានទាំងបង្កើតការងារបាន ៣៧៦,៦០០កន្លែង៕

ប្រភព៖ CNA (នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០)