(ញូដេលី)៖ កងទ័ពជើងទឹកឥណ្ឌា បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក Nimitz នៅឯតំបន់មហាសមុទ្រឥណ្ឌា កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដាម្សិលមិញនេះ ដែលនេះគឺជាសញ្ញាមួយនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ នៅក្នុងតំបន់ចំពេលកំពុងមានភាពតានតឹង ជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

ការធ្វើសមយុទ្ធយោធាខាងលើ ត្រូវបានធ្វើឡើងនៅក្បែរកោះ Andaman និង Nicobar របស់ឥណ្ឌា ដែលស្ថិតនៅជិតច្រកម៉ាឡាកា (Malacca Straits) ដែលជា ផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក សម្រាប់សកម្មភាពពាណិជ្ជកម្ម និងការដឹកជញ្ជូនប្រេង។ កងទ័ពជើងទឹកអាមេរិក បានលើកឡើងថា «កងនាវាអាមេរិក និងឥណ្ឌាបានធ្វើសមយុទ្ធរួមគ្នា ក្នុងកម្រិតខ្ពស់បំផុត ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាល និងអន្តរប្រតិបត្តិការ រួមទាំងការការពារផ្នែកអាកាស ផងដែរ»

គួរជម្រាបថា ការធ្វើសមយុទ្ធយោធាដ៏កក្រើកនេះ ត្រូវបានធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងចិន នារយៈពេលចុងក្រោយនេះបានស្គាល់ ភាពតានតឹងនឹងគ្នាជាខ្លាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សា នៅតាមតំបន់តាមព្រំដែនកាលពីខែមិថុនាកន្លងទៅ។ ប៉ុន្តែទន្ទឹមគ្នា ភាពតានតឹងនេះបានជំរុញ ឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌា កាន់តែខិតជិតគ្នា៕