(វ៉ាស៊ីនតោន)៖ អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង ប្រទេសចិន លោក Max Baucus បាននិយាយថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន អាចនឹង បន្តតានតឹង ទាំងនៅមុន និងនៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក Max Baucus ធ្វើការកត់សម្គាល់បែបនេះកំឡុងផ្ដល់បទសម្ភាសន៍ជាមួយកម្មវិធី Squawk Box របស់ស្ថានីយទូរទស្សន៍ CNBC នៅថ្ងៃអង្គារនេះ។ បើតាម លោក Baucus វានឹងមានភាពរីកចម្រើនតិចតួចតែប៉ុណ្ណោះ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទីមួយ រវាងសហរដ្ឋអាមេរិក និងចិន ខណៈទីក្រុង ប៉េកាំង ត្រូវបានគេមើលឃើញថាអាចនឹងមិនអនុវត្តពេញលេញតាមកិច្ចព្រមព្រៀង ដោយបង្កើនការទិញផលិតផលពីអាមេរិកនោះទេ ដោយសារតែ ភាពតានតឹង បច្ចុប្បន្នជុំវិញបញ្ហាជាច្រើនក្នុងនោះរួមទាំងទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងបម្រាមលើក្រុមហ៊ុន Huawei ជាដើម។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ CNBC លោក Baucus បានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈឥទ្ធិពល និងអំណាចរបស់ចិនកាន់តែរីកធំឡើង ទំនាក់ទំនងរវាង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងនៅតែបន្តតានតឹង ហើយសង្រ្គាមពាក្យសម្ដីនឹងកាន់ក្ដៅឡើង ទាំងនៅមុន និងនៅក្រោយការបោះឆ្នោតប្រធានាធិបតី អាមេរិក ដែលនឹងចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ ពោលគឺនិយាយឱ្យចំ រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន ទោះជានរណាជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិកក៏ដោយ ក៏ទំនាក់ទំនងចិន និងអាមេរិក នៅតែតានតឹងដដែល»

គួរជម្រាបថា លោក Max Baucus ធ្លាប់បម្រើការងារជាអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិន ពីខែកុម្ភៈ ឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៧ ក្រោមរដ្ឋបាលអតីត ប្រធានាធិបតិអាមេរិក លោក បារ៉ាក់ អូបាម៉ា៕