(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារនេះ បានបើកទ្វារសាលារៀនថ្នាក់វិទ្យាល័យមួយចំនួនធំឡើងវិញហើយ បន្ទាប់ពីបានផ្អាកអស់​រយៈពេលជិត២ខែ ដោយសារតែ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

លោក U Ko Lay Win អគ្គនាយកនៃនាយកដ្ឋានចំណេះទូទៅរបស់ក្រសួងអប់រំមីយ៉ាន់ម៉ា បាននិយាយថា ក្នុងចំណោមវិទ្យាល័យសរុបចំនួន ៥,៨៣០កន្លែង ដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ មានវិទ្យាល័យចំនួន៣,៧៧២ទីតាំង ត្រូវបានអនុញ្ញាតិឱ្យបើកទ្វារ​​ឡើងវិញ នៅក្នុងដំណាក់កាលដំបូង។

សាលារៀនទាំងនោះ ត្រូវបានតម្រូវឲ្យអនុវត្តវិធានការបង្ការផ្សេងៗ​ដូចជា ការរក្សាគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ប្រព័ន្ធឆ្លាស់វេន និង ចំណាត់ការដទៃៗទៀត។ បើតាមមន្រ្តីអប់រំខាងលើ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា គឺមានសិស្សកម្រិតវិទ្យាល័យសរុបចំនួន១.២លាននាក់។ ជុំវិញការបើកសាលារៀនឡើងវិញនេះ គ្រូបង្រៀនម្នាក់មកពីវិទ្យាល័យមួយ ក្នុងទីក្រុងរ៉ង់ហ្គូនបានឲ្យដឹងថា វាអាចបង្កការលំបាកមួយចំនួន ដល់សិស្សានុសិស្ស ដោយសារតែស្ថានភាពបច្ចុប្បន្ននេះ មិនដូចកាលពីមុនទេនោះទេ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា់ បានឱ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 សរុបចំនួន ៣៤១ករណី ក្នុងនោះ៦នាក់បានស្លាប់៕