(ឡុងដ៍)៖ ការសិក្សាថ្មីមួយបានព្យាករណ៍ថា សត្វខ្លាឃ្មុំតំបន់ប៉ូលអាចនឹងត្រូវផុតពូជពីភពផែនដី នៅចុងសតវត្សន៍នេះតែម្តង ប្រសិនបើមិនមានដំណោះស្រាយគ្រប់គ្រាន់លើ បញ្ហាអាកាសធាតុប្រែប្រួលទេនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០។

ការសិក្សាស្រាវជ្រាវខាងលើ បានអះអាងថា ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយផលវិបាក នៃការឡើងកំដៅផែនដី នឹងធ្វើឲ្យទឹកកកនៅតំបន់ប៉ូល បានចាប់ផ្តើមរលាយបន្តិចម្តងៗ។ ប្រការនេះ វាធ្វើឲ្យសត្វខ្លាឃ្មុំតំបន់ប៉ូល ដែលពឹងអាស្រ័យផ្ទាំងទឹកកកទាំងនោះ បាត់បង់ទីជម្រក និងប្រភពអារហាជាររបស់ខ្លួន។

ការសិក្សានេះ បានគូសបញ្ជាក់ទៀតថា យ៉ាងហោចណាស់ សត្វខ្លាឃ្មុំតំបន់ប៉ូលចំនួនពីរក្រុម បានរងផលប៉ះពាល់រួចស្រេចទៅហើយ ដោយសារបាតុភូតរលាយទឹកកកសមុទ្រ។ មួយសហគមន៍គឺស្ថិតនៅឆ្នេរសមុទ្រភាគអាគ្នេយ៍នៃរដ្ឋអាឡាស្កា ខណៈសហគមន៍មួយទៀត ត្រូវបានរកឃើញនៅឈូងសមុទ្រហុដសុន នៃប្រទេសកាណាដា។

សត្វស៉ីសាច់ជាអាហារនេះ ពឹងផ្អែកលើផ្ទាំងទឹកកនៃមហាសមុទ្រអាក់ទិច ដើម្បីប្រមាញ់សត្វផ្សេងៗទៀត ដូចជាឆ្មាទឹកជាចំណី។ ក៏ប៉ុន្តែ ដោយសារផ្ទាំងទឹកកករលាយកាន់តែឆាប់ ពួកគេត្រូវបង្ខំឲ្យធ្វើដំណើររយៈចម្ងាយឆ្ងាយៗ ឬក៏ត្រូវឡើងច្រាំង ជាទីដែលកវាពិបាក ស្វែងរក អាហារ ជាពិសេសសម្រាប់ចិញ្ចឹមកូនៗរបស់ពួកវា។

គួរជម្រាបថា ខ្លាឃ្មុំតំបន់ប៉ូលត្រូវបាន សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN ) ចុះក្នុងបញ្ជីជាប្រភេទសត្វមួយក្រុម ដែលងាយរងការផុតពូជជាទីបំផុត ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ៕