(ហ្សឺណែវ)៖ គ្រាន់តែក្នុងរយៈពេលត្រឹម ១០០ម៉ោងចុងក្រោយនេះប៉ុណ្ណោះ ពិភពលោកទាំងមូលបានកត់ត្រា​ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ១លានករណី ដែលជាអត្រាឆ្លងខ្ពស់បំផុតពុំធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីមានករណីផ្ទុះ ជំងឺឆ្លងដ៏កាចសាហាវមួយនេះ ខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក បានកើនលើស ១៤លាននាក់ហើយ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០។

ករណីដំបូងដែលត្រូវបានគេរាយការណ៍ នៅក្នុងប្រទេសចិន កាលពីដើមខែមករាកន្លងទៅនេះ គឺវាបានចំណាយពេលរហូតទៅដល់ ០៣ខែ ទើបអាចឈានដល់ ១លានករណី។ ចំណែកឯនៅក្នុងសប្តាហ៍នេះវិញ ត្រឹមតែរយៈពេល ០៤ថ្ងៃប៉ុណ្ណោះ ករណីឆ្លងថ្មីៗត្រូវបានគេរាយការណ៍ថា បានកើនជាង ១លានករណីបន្ថែម ពោលចាប់ពីថ្ងៃទី១៣ ដល់ ១៧ខែកក្កដានេះ តួលេខអ្នកឆ្លងបានកើនពី ១៣លានករណី ទៅ ១៤លានករណី។

សហរដ្ឋអាមេរិកដែលមានអ្នកឆ្លងសរុបជាង ៣.៦លានករណី នៅតែត្រូវបានគេមើលឃើញថា សន្ទុះនៃករណីឆ្លងថ្មីៗ មានការកើនឡើងជារៀងរាល់ថ្ងៃ។ ដោយឡែកនៅប្រទេសប្រេស៊ីលឯណោះវិញ ដែលជាប្រទេសជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាងប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិកនោះ ក៏នៅតែបន្តរកឃើញករណីឆ្លងថ្មីៗ ច្រើនឡើងជាលំដាប់ដែរ។

បើក្រឡេកមើលមកទ្វីបអាស៊ីវិញគេឃើញថា ឥណ្ឌាជាប្រទេសដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត និងជាប្រទេសតែមួយគត់នៅអាស៊ី ដែលមានករណីឆ្លងច្រើនជាង ១លានករណី។ កាលពីសប្តាហ៍មុន ឥណ្ឌាបានរកឃើញករណីឆ្លងថ្មីជាមធ្យមជិត ៣០,០០០ នាក់ជាងរៀងរាលថ្ងៃ ប៉ុន្តែសប្តាហ៍នេះ​អត្រាឆ្លងប្រចាំថ្ងៃកើនលើសនេះទៅទៀត។

គួរជម្រាបថា រហូតមកទល់ពេលនេះ ពិភពលោកទាំងមូលមានករណីឆ្លង COVID-19 សរុបជាង ១៤លាននាក់ហើយ ដោយក្នុងនោះស្លាប់ ៦០ម៉ឺននាក់ និងជាងសះស្បើយជាង ៨.៤លាននាក់៕