(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានចេញមុខមកស្តីបន្ទោសរដ្ឋាភិបាលលោក ដូណាល់ ត្រាំ បន្តបន្ទាប់គ្នា ពាក់ព័ន្ធចំណាត់ការឆ្លើយតបរបស់រដ្ឋបាលលោក ក្នុងការគ្រប់គ្រងវិបត្តិ COVID-19 ខណៈពេលដែលករណីឆ្លងថ្មីៗ នៅប្រទេសមហាអំណាចមួយនេះ បានហក់ឡើងជាថ្មីម្តងទៀត ក្រោយពីសកម្មភាពសេដ្ឋកិច្ចត្រូវបានបើកដំណើរការឡើងវិញ ទាំងតក់ក្រហល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានចោទ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំៗដូច្នេះថា «រដ្ឋាភិបាលសហព័ន្ធអសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិ COVID-19»។ មិនតែប៉ុណ្ណោះ អភិបាលរូបនេះថែមទាំងបានបន្តថា «ដោយសារតែការអសមត្ថភាពនេះហើយ ដែលជាមូលហេតុធ្វើទីក្រុងញូយ៉កប្រែក្លាយជាចំណុចកណ្តាលដំបូង នៃការផ្ទុះរីករាលដាលជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក»

ជុំវិញរឿងនេះដែរ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CBS News កាលពីពេលថ្មីៗនេះ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Jay Inslee បានលើកឡើងយ៉ាងដូច្នេះថា «តាំងពីថ្ងៃដំបូងនៃការផ្ទុះរីករាលដាលជំងឺ COVID-19 មកម្ល៉េះលោក ដូណាល់ ត្រាំ បាននិយាយមើលស្រាល និងបំភាន់ជាច្រើន ដែលជាហេតុធ្វើឲ្យពួកយើងពិបាក ក្នុងការគ្រប់គ្រងវិបត្តិសកលមួយនេះ»។

អភិបាលរដ្ឋរូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា« យើងត្រូវការប្រធានាធិបតី ដែលចេះយកចិត្តទុកដាក់ ចំពោះអាយុជីវិតរបស់ប្រជាជនខ្លួន ជាជាងអាយុជីវិតរបស់រដ្ឋាភិបាល»។ ដោយឡែក អភិបាលរដ្ឋ Illinois វិញ គឺលោក J.B. Pritzker ក៏បានរិះគន់លោកត្រាំ ចំពោះការអសមត្ថភាក្នុងការចាត់ចែងវិបត្តិ COVID-19 នេះផងដែរ នៅពេលដែលលោកបានផ្តល់សក្ខីកម្មនៅចំពោះមុខក្រុមសមាជិកសភាកាលពីសប្តាហ៍មុននេះ។

ចំណែកឯ អភិបាលរដ្ឋម៉ារីលែន (Maryland) លោក ឡារី ហូហ្គែន (Larry Hogan) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានស្តីបន្ទោសធ្ងន់ៗទៅលើចំណាត់ការដោះស្រាយវិបត្តិ COVID-19 របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ដោយបានលើកឡើងថា ការរង់ចាំការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីជួយដោះស្រាយបញ្ហានេះគឺ «គ្មានសង្ឈឹមទេ»។ អភិបាលរដ្ឋរូបនេះបានបន្ថែមយ៉ាងដូច្នេះថា «នៅទីបំផុតវាច្បាស់ណាស់ថា បើរង់ចាំការឆ្លើយតបរបស់លោកប្រធានាធិបតី គឺគ្មានសង្ឈឹមនោះទេ ហើយប្រសិនបើយើងនៅតែពន្យារពលទៀត នោះយើងទេដែលជាអ្នកត្រូវប្រជាពលរដ្ឋថ្កោលទោស កាន់តែច្រើនឡើងចំពោះការរងទុក្ខ និងការស្លាប់ដ៏ច្រើនបែបនេះ»