(បុមបៃ)៖ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងម៉ុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ធំបំផុតរបស់ឥណ្ឌា និងបានបណ្តាលឱ្យអគារមួយដួលរលំ និងបានសម្លាប់មនុស្ស ០៦នាក់ និងជាច្រើនអ្នកផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីប៉ូលីសនៅទីក្រុងម៉ុមបៃបាននិយាយថា ហេតុការណ៍ដែលបានកើតឡើងកាលពី ល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើឱ្យមនុស្សពីរនាក់ស្លាប់ ខណៈក្រុមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានទាញយកសាកសពចំនួន ០៤នាក់បន្ថែមទៀត ចេញពីគំនរអគារបាក់រលំនៅយប់ថ្ងៃដដែល។ ព័ត៌មានក៏បានបញ្ជាក់ទៀតដែរថា
មនុស្សមួយចំនួនទៀត នៅបន្តជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីការដួលរលំអគារនេះ។

ដោយឡែកអគារមួយទៀតក៏បានដួលរលំផងដែរ នៅខាងលិចជាយក្រុងម៉ាឡាដ (Malad) ដោយបានបណ្តាលឱ្យមនុស្ស ០២នាក់ស្លាប់ ក្នុងនោះមានកុមារម្នាក់ផងដែរ និងមនុស្សជាច្រើនផ្សេងទៀតបានរងរបួស។ ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ
បានធ្វើឱ្យមន្ត្រីតាមដានអាកាសធាតុ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានផ្លាស់ប្តូរកម្រិតប្រកាសអាសន្នពីពណ៌ទឹកក្រូច ឡើងទៅពណ៌ក្រហម នៅទីក្រុងនិងតំបន់ជុំវិញនោះផងដែរ៕