(ហុងកុង)៖ ការិយាល័យតំណាងប្រទេសចិន ប្រចាំនៅហុងកុងបានថ្កោលទោស ចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើទីក្រុងហុងកុង ដោយបានហៅសកម្មភាពទាំងនោះថាជា «ទង្វើពាល ដែលចេះតែពីសម្លុតគំរាមគេឯង»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃពុធសប្តាហ៍ ការិយាល័យទំនាក់ទំនងចិនប្រចាំនៅហុងកុង បាននិយាយដោយប្រើពាក្យសម្តីធ្ងន់ៗថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ នឹងមិនមានអ្វីប៉ះពាល់ច្រើន មកលើតំបន់រដ្ឋបាលពិសេសហុងកុងទេ តែផ្ទុយទៅវិញអាមេរិកខ្លួនឯងទៅវិញទេ ដែលជាអ្នកខាតបង់ប្រយោជន៍នោះ។

សេចក្តីថ្លែងការណ៍ដដែលខាងលើបានសង្កត់ធ្ងន់ថា «ការគំរាមកំហែងដោយមិនសមហេតុផល និងគ្មានភាពអៀនខ្មាស ពីសំណាក់សហរដ្ឋអាមេរិកនេះ គឺជាទង្វើជនអន្ធពាល ដែលចេះតែពីសម្លត់គេឯង... យើងសូមបញ្ជាក់ថា គ្មានកម្លាំងខាងក្រៅណា ដែលអាចរារាំងការប្តេជ្ញាចិត្ត និងទំនុកចិត្តរបស់ចិន ក្នុងការថែរក្សាអធិបតេយ្យភាព និងសន្តិសុខជាតិ សម្រាប់ភាពរុងរឿង និងស្ថេរភាពរយៈពេលវែងរបស់ហុងកុងឡើយ»

គួរជម្រាបថា ច្បាប់សន្តិសុខជាតិថ្មីរបស់ចិន សម្រាប់ទីក្រុងហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ត្រូវបានសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ថ្កោលទោស និងចាត់វិធានការឆ្លើយតបជាច្រើនមកលើចិន។ ជាក់ស្តែង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ដែលអនុញ្ញាតឲ្យមានការដាក់ទណ្ឌកម្ម លើធនាគារមួយចំនួនរបស់ចិន ក៏ដូចជាមន្ត្រីជាន់ខ្ពស់ចិនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធ ក្នុងការអនុម័តច្បាប់សន្តិសុខជាតិថ្មីនេះជាដើម៕