(ប្រេស៊ីឡា)៖ ប្រធានាធិបតីប្រេស៊ីលលោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) បានធ្វើតេស្តចេញលទ្ធវិជ្ជមានជាថ្មីចំពោះ COVID-19 ក្រោយរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ដែលលោកបានធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានដំបូង ចំពោះវីរុសនេះដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

ការប្រការលទ្ធផលខាងលើនេះ ត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតីផ្ទាល់ តាមរយៈការ Live វីដេអូនៅក្នុងគណនី Facebook ផ្លូវការរបស់លោក នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីល)។ លោក Bolsonaro បានថ្លែងនាឱកាសនោះថា «សង្ឃឹមថានៅរយៈពេលប៉ុន្មានថ្ងៃទៀត ពួកគេនឹងធ្វើតេស្តខ្ញុំជាថ្មី ហើយអ្វីៗគ្រប់យ៉ាងនឹងអាចវិលទៅរក ភាពប្រក្រតីវិញ»

គួរបញ្ជាក់ថា ពេលនេះលោក Bolsonaro កំពុងតែស្ថិតនៅក្នុងវិមាន អាល់វ៉ូរ៉ាដា (Alvorada) នៃរដ្ឋធានីប្រេស៊ីឡា ដើម្បីទទួលការព្យាបាល និងថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ក្រុមជំនាញប្រេស៊ីលបានអះអាងថា ការធ្វើតេស្តលោក Bolsonaro ជាថ្មី ត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ ហើយលទ្ធផលទើបតែត្រូវបានបញ្ចេញ នៅយប់ថ្ងៃពុធសប្តាហ៍នេះ។ លទ្ធផលវិជ្ជមានជាថ្មីចំពោះ COVID-19 គឺមានន័យថា លោកប្រធានាធិបតីអាយុ ៦៥ឆ្នាំរូបនេះ មិនទាន់ជាសះស្បើយពីជំងឺនេះឡើយ។

បច្ចុប្បន្នប្រេស៊ីលនៅតែឈរលំដាប់លេខ ២ លើលោក ក្នុងនាមជាប្រទេសមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រេស៊ីលមានករណីឆ្លងសរុបជិត ២លានករណី ក្នុងនោះស្លាប់ជាង ៧៥,៥០០នាក់ និងជាសះស្បើយវិញជាង ១.៣៦លាននាក់៕