(ម៉ាល់ឌីវ)៖ អាជ្ញាធរប្រទេសម៉ាល់ឌីវ បានសម្រេចបើកព្រំដែនរបស់ខ្លួនឡើងវិញហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ នៅថ្ងៃពុធសប្តាហ៍នេះ ដោយបាននិយាយថា ដែនដីរបស់ខ្លួនគឺជាគោលដៅសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរគ្រប់រូប បើទោះបីស្ថានការណ៍ COVID-19 របស់ប្រទេសដីកោះមួយនេះ នៅតែស្ថិតក្នុងសភាពក្តៅគគុកនៅឡើយក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

ជុំវិញការសម្រេចចិត្តបើកទ្វារព្រំដែនខាងលើនេះ លោក ហ្វាយយ៉ាស់ អ៉ីស្មែល (Fayyaz Ismail) ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចម៉ាល់ឌីវ បានថ្លែងយ៉ាងដូច្នេះថា «នៅពេលវិធានការសុវត្ថិភាពរបស់យើង កាន់តែខ្លាំង នោះឱកាសក្នុងការទទួលបានភ្ញៀវទេសចរ ក៏មានកាន់តែច្រើនដែរ ព្រោះថាវានឹងក្លាយជាទិសដៅសុវត្ថិភាព របស់ភ្ញៀវទេសចរគ្រប់រូប»។ មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីរូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា «ខ្ញុំមិនគិតថា យើងនឹងត្រូវចាត់វិធានការ បិទព្រំដែនឡើងវិញនោះទេ»។

បើតាមក្រសួងទេសចរណ៍ម៉ាល់ឌីវ អ្នកទេសចរទាំងអស់មិនតម្រូវឲ្យធ្វើតេស្តជាមុន ឬកាន់វិញ្ញាបនប័ត្របញ្ជាក់ពីសុខភាព ដើម្បីអាចចូលប្រជុំកោះតូចធំទាំង ១,១៩០ របស់ខ្លួននោះឡើយ។ លើសពីនោះទៀត ក្នុងករណីភ្ញៀវទេសចរណា ដែលមានរោគសញ្ញា នោះអាជ្ញាធរនឹងធ្វើការតេស្តជូនដោយឥតគិតថ្លៃទៀតផង។

ទោះជាយ៉ាងណា សេចក្តីសម្រេចនេះ វាបានកើតឡើងចំពេលដែល ប្រទេសដែលល្បីល្បាញខាងវិស័យទេសចរណ៍មួយនេះ នៅតែបន្តរាយការណ៍ពីករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ជាប្រចាំ។ រហូតមកទល់ពេលនេះ ប្រទេសដែលមានប្រជាជនសរុបប្រមាណ ៣៤០,០០០នាក់មួយនេះ បានកត់ត្រាករណីឆ្លងសរុប ២,៨០០ករណី ក្នុងនោះស្លាប់ ១៤នាក់។ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ប្រទេសម៉ាល់ឌីវ បានទាក់ទាញភ្ញៀងទេសចរបរទេសចំនួន ១.៧លាននាក់ ពោលគឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨៕