(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រ ទៅដល់បណ្ដាប្រទេសទាំងឡាយណា ដែលទទួលស្គាល់ថា ចិនបានរំលោភបំពានលើដែនដី និងអធិបតេយ្យភាពរបស់ពួកគេ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមសម្តីលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើការកត់សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ ចំពេលដែលស្ថានការណ៍ជារួម នៅក្នុងតំបន់សមុទ្រចិនខាងត្បូង កាន់តែមានលក្ខណៈផុយស្រួល ដោយសារតែបង្កើនសកម្មភាពយោធារវាងចិន និងសហរដ្ឋអាមេរិក។ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងប្រើប្រាស់ធនធានដែលមានស្រាប់ ហើយយើងនឹងគាំទ្របណ្ដាប្រទេសទាំងអស់ នៅជុំវិញពិភពលោក ដែលទទួលស្គាល់ថា ចិនបានរំលោភលើដែនដី ឬដែនទឹកស្របច្បាប់របស់ពួកគេ តាមប្រព័ន្ធពហុភាគីនិយម និងច្បាប់»

គួរជម្រាបថា ចិនបានទាមទារដែនអធិបតេយ្យភាពគ្រប់គ្រងជាង ៩០ភាគរយនៃតំបន់ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយម៉ាឡេស៊ី, ប្រ៊ុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ដែលខ្លួនបានអះអាង។ ដោយឡែកសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមក្នុងចូលមកក្នុងតំបន់នេះ ដើម្បីបំផុសឲ្យវៀតណាម ហ្វីលីពីន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត ងើបឡើងប្រឆាំងចិន៕